(សេអ៊ូល)៖ កូរ៉េខាងជើង បានលួចព័ត៌មានពីទូរស័ព្ទស្មាតហ្វូនរបស់មន្ត្រីកូរ៉េខាងត្បូង ដែលបទឧក្រិដ្ឋតាមប្រព័ន្ធអនឡាញនេះ ត្រូវបានទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គា ទី០៨ ខែមីនា និងត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។
នៅក្នុងរបាយការណ៍របស់ចារកម្មទីក្រុងសេអ៊ូល បានឲ្យដឹងថា ក្រុមអ្នកជំនាញរបស់កូរ៉េខាងជើង បាន Hack ចូលទៅកាន់ស្មាតហ្វូនរបស់មន្ត្រីជាន់ខ្ពស់ធំរបស់កូរ៉េខាងត្បូង នៅចន្លោះខែកុម្ភៈ និងដើមខែមីនានេះ ដើម្បីលួចទិន្នន័យ និងស្ដាប់ការសន្ទនា ក្នុងនោះសូម្បីតែការផ្ញើសារក៏ត្រូវបានកូរ៉េខាងជើងលួចយកដែរ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថាក្រុម Hacker កូរ៉េខាងជើង បានព្យាយាមផ្ញើសារជាអក្សរមកកាន់មន្ត្រីរដ្ឋាភិបាលសេអ៊ូល ដោយនៅក្នុងសារនោះមានបង្កប់នូវមេរោគ ដែលអាចជ្រៀតចូលទៅក្នុងទូរស័ព្ទបាន។
ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែតនេះ បានកើតមានឡើងចំពេញដែលភាពតានតឹងខ្លាំងនៅឧបទ្វីបកូរ៉េ បានកើតឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរ និងរ៉ុកែតរយៈចម្ងាយឆ្ងាយ។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅថ្ងៃចន្ទម្សិលមិញនេះ ដែលជាសារមួយព្រមានដល់កូរ៉េខាងជើង ប៉ុន្តែជាការឆ្លើយបទ កូរ៉េខាងជើង បានព្រមានវាយកម្ទេចកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកវិញ ដោយប្រើអាវុធនុយក្លេអ៊ែរ៕