(កំពង់ចាម)៖ លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន៤លានរៀល ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៣ រួមមាន៖ វត្តហាន់ជ័យ វត្តល្ពាក និងវត្តទួលរកា ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ការនាំយកទេយ្យវត្ថុគ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះគង់ចាំព្រះវស្សាចំនួន៣វត្តរាមនេះ ក៏មានការចូលរួមពីសំណាក់លោកអនុប្រធានសាលាដំបូង លោកលោកស្រីចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងសហការីជាដើម។

លោក សួស ឡា និងលោក វង្ស ប៊ុនវិសុទ្ធ បានឱ្យដឹងថា ពិធីប្រគេនទេយ្យទាន នាថ្ងៃនេះ កើតឡើងដោយដោយហេតុថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាទាំងមូលកំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ បន្ថែមពីនេះ ក្នុងខេត្តកំពង់ចាម ក៏បានរងគ្រោះដោយសារជំងឺនេះជាដើ ដូច្នេះ ដើម្បីការពារជំងឺកូវីដ១៩ ប្រជាពលរដ្ឋមួយចំនួនធំ មិនបានចេញក្រៅ មិនបានយកចង្ហាន់ទៅវត្តដូចធម្មតា ដែលធ្វើឱ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យបួនផងដែរ។

លើសពីនេះ លោក សួស ឡា និងលោក វង្ស ប៊ុនវិសុទ្ធ បានទូលប្រគេនព្រះសង្ឃ ដើម្បីនាំនូវសារចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល។ ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដេីម្បីការពារការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។

ព្រះសង្ឃគ្រប់ព្រះអង្គគង់នៅវត្តអារាមទាំង៣ បានសំដែងការអរគុណចំពោះទឹកចិត្តជ្រះថ្លា និងការគិតគូររបស់ប្រធានសាលាដំបូងខេត្ត និងរះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ចំពោះការខ្វះខាតរបស់ព្រះសង្ឃតាមទីអារាម ក្នុងដំណាក់កាលប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩៕