(ភ្នំពេញ)៖ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនៅក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភ» គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រគេនដំណឹងដល់ព្រះមេគណទាំង២៥ រាជធានី-ខេត្ត ព្រមទាំងព្រះសង្ឃទូទាំងប្រទេស សូមនិមន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន ឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ការប្រគេនដំណឹងរបស់គណៈសង្ឃនាយក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងទីវត្តអារាមទូទាំងប្រទេស គឺធ្វើឡើងបន្ទាប់ពីមានព្រះសង្ឃមួយអង្គ ព្រះនាម ប៊ូ ផាត គង់នៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ និងកំពុងគង់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

តាមរយៈលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសចំនួនអនុវត្តតាមវិធី ៣ចំណុច រួមមាន៖

ទី១៖ ព្រះមេគណរាជធានី-ខេត្ត ត្រូវធ្វើការណែនាំបន្ថែមដល់ព្រះអនុគណ ព្រះចៅអធិការគ្រប់វត្ត ឱ្យអះនុវត្តគោលការណ៍គម្លាតសង្គមឱ្យបានខ្ជាប់ខ្ជួន
ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានារបស់ក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។

ទី២៖ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមថែរក្សាសុខភាពទាំងអស់គ្នា តាមរយៈការពារម៉ាសការពារ រៀបចំឱ្យមានកន្លែងពិនិត្យសុខភាព មុនពេលចូលទីវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្តៅ សាប៊ូ ជែល ឬទឹកអាល់កុល សម្រាប់លាងសំអាតដៃជាប្រចាំ និងដាច់ខាតត្រូវពាក់ម៉ាស ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាព ពីម្នាក់ទៅម្នាក់ទៀត ដូចជា គង់ អង្គុយ ឈរ ឈររង់ចាំ ឬឈរជជែកគ្នាឱ្យនីឲៅគម្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រឡើងទៅ។

ដោយឡែកបើមានការនិមន្តចូលរួមបុណ្យសព ត្រូវឱ្យមានការបញ្ជាក់ពីក្រុមគ្រួសារសព ឬសំបុត្រពេទ្យ ជៀសវាងបុណ្យសពអ្នកជំងឺកូវីដ-១៩ លើកលែងតែមន្ត្រីជំនាញសុខាភិបាល បានអនុវត្តភារកិច្ចរបស់ខ្លួនចប់សព្វគ្រប់ ហើយអនុញ្ញាតឱ្យក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

និងទី៣៖ ក្នុងករណីមានរោគសញ្ញាដូចជា៖ ឡើហកម្តៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ និងត្រូវនិមន្តទៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យវីរុសកូវីដ-១៩ និងធ្វើការព្យាបាលជាបន្ទាន់៕