(កូឡាឡាំពួរ)៖ ស្របពេលដែលពិភពលោកកំពុងតែរីករាយ និងអបអរសាទរចំពោះទិវា៨មីនានោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បានសម្ដែងសារកើតទុក្ខ ព្រោះវាជាថ្ងៃគម្រប់ខួប២ឆ្នាំនៃការបាត់យន្តហោះ MH370 ជាមួយនឹងមនុស្ស ២៣៩នាក់។
សាររំលែកទុក្ខរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានចាក់ផ្សាយតាមរយៈទូរទស្សនាជាតិ ដោយក្នុងនោះ លោក Razak បានថ្លែងថា «ថ្ងៃនេះ! យើងប្រារព្វខួប២ឆ្នាំនៃការបាត់យន្តហោះ MH370 ហើយយើងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃមនុស្សទាំង២៣៩នាក់ ដោយក្នុងនោះមានជនជាតិម៉ាឡេស៊ី ៥០នាក់»។
លោក Razak បានបញ្ជាក់ថា ការស្វែងរកយន្តហោះ MH370 គឺមានការលំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែតាមរយៈបំណែកយន្តហោះ ដែលរកឃើញនៅកោះ Reunion កាលពីចុងខែកក្កដាកន្លងទៅ ជាភស្ដុតាងមួយបញ្ជាក់ថាយន្តហោះ MH370 ពិតជាបានធ្លាក់ ប៉ុន្តែទោះជាយ៉ាងណាលោកនៅតែព្យាយាមស្វែងរកបន្ដ ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះអស់ចិត្ត។
ជាចុងក្រោយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា បើសិនជារកមិនឃើញ ឬគ្មានតម្រុយអ្វីទៀតទេនោះ ម៉ាឡេស៊ីនឹងរៀបចំកិច្ចប្រជុំត្រីភាគី ដែលមានម៉ាឡេស៊ី អូស្ត្រាលី និងចិន ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយបន្ត។
គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្រ្ត ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន៕