(ភ្នំពេញ)៖ សិក្ខាសាលាមួយតាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងមានការគាំទ្រថវិកាដោយមូលនិធិ Trust Fund របស់រដ្ឋាភិបាល អូស្រ្តាលី និងសហភាពអឺរ៉ុប (EU) បានបូកសរុប និងវាយតម្លៃការរៀបចំផែនការ បន្តនិរន្តរភាពការងារ (Business Continuity Plan-BCP) របស់សា្ថប័ន អង្គភាព ក្នុងស្ថានភាពនៃគ្រោះមហន្តរាយនានា ដូចជាការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ល។
សិក្ខាសាលានេះ ដែលស្ថិតក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោក ជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ប្រធាន មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងលោកស្រី អស់លោក ជាវាគ្មិនជាតិ និងអន្តរជាតិ ដែលជាក្រុមការងារនៃធនាគារពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍សរុបចំនួន១២៧នាក់។
មានមតិទៅកាន់សិក្ខាសាលា លោករដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងក្រុមការងារក្រសួង ដឹកនាំដោយលោកស្រី ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាមួយនឹង ក្រុមការងារធនាគារពិភពលោក ក្នុងការត្រៀមរៀបចំឲ្យសិក្ខាសាលានេះបានដំណើរការល្អប្រសើរ ទោះបីជាយើងកំពុងប្រឈមនឹងការលំបាកនានា ក្នុងកាលៈទេសៈនៃការរាលដាលជំងឺ កូវីដ១៩ ក៏ដោយ។
ជាមួយគ្នានេះនៅចុងបញ្ចប់ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់អង្គសិក្ខាសាលា នូវខ្លឹមសារសំខាន់៣ចំណុច រួមមាន៖
* ទី១៖ សិក្ខាកាមទាំងអស់ត្រូវចូលរួមផ្តល់ធាតុចូលបន្ថែមទៀត ដើម្បីធ្វើឲ្យផែនការបន្តនិរន្តរភាពការងារ-BCP មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចយកទៅអនុវត្តបាន
* ទី២៖ ក្រុមការងារ BCP ត្រូវខិតខំសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យក្លាយទៅជាអ្នកជំនាញ ឬជាជនបង្គោលក្នុងការធ្វើផែនការបន្តនិរន្តរភាពការងារ ដើម្បីជួយក្រសួងស្ថាប័នដទៃទៀត ក្នុងការរៀបចំ BCP ផងដែរ
* ទី៣៖ ប្រែក្លាយលទ្ធផល នៃដំណើរការកសាងផែនការបន្តនិរន្តរភាពការងារ-BCP ទៅជាគោលគំនិតជាមូលដ្ឋាន សម្រាប់កំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ក្នុងទម្រង់ថ្មីនៃសម័យកាលក្រោយកូវីដ-១៩ (The New Normal of Post Covid-19)៕