(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញចែកអំណោយសម្រាប់ចូលបួសខែរ៉ាម៉ាឌន ជូនដល់ប្រជាពលរដ្ឋចំនួន២៣០គ្រួសារ (ដោយមានតំណាងមកទទួលចំនួន៣០គ្រួសារ) ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះអង្គការសម្ព័នឥស្លាមពិភពលោក (Muslim World League) ដែលតែងតែផ្ដល់ការសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក្នុងការចែករំលែកដល់ប្រជាពលរដ្ឋកម្ពុជា។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្ដថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់ ព្រឹត្តិការណ៍២០កុម្ភៈនេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។

លោកបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ និង៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេច ស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់ នៃការឆ្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ។

លោកទេសរដ្ឋមន្ត្រី បានលើកពីការបូជាសព ចំពោះអ្នកស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជា គឺតម្រូវឲ្យបូជាសពទាំងអស់។ ដោយឡែកខាងសហគមន៍ឥស្លាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យបញ្ចុះតាមក្រិតក្រមសាសនា ដោយអនុវត្តន៍តាមវិធានការនានារបស់ ក្រសួងសុខាភិបាល។ លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានប្រគល់ដីមួយកន្លែងសម្រាប់បញ្ចុះសព ចំនួន៥ហិកតានៅខេត្តកំពង់ស្ពឺ ដែលមានចំងាយ១៣៥គីឡូម៉ែត្រ ពីភ្នំពេញ។

សូមជម្រាបថា អំណោយទាំងនេះទទួលបានពី អង្គការសម្ព័នឥស្លាមពិភពលោក (Muslim World League) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូ ស្ករស២គីឡូ ទឹកដោះគោខាប់៥កំប៉ុង ប្រេងឆា២លីត្រ។ នាឆ្នាំ២០២១នេះ អង្គការសម្ព័ន្ធពិភពឥស្លាម បានផ្តល់កញ្ចប់អាហារស្រាយបួសដល់សាសនិកឥស្លាមកម្ពុជាសរុប ចំនួន ៣០០០កញ្ចប់ ដែលនឹងធ្វើការចែកជូនដល់សាសនិកឥស្លាមជាបន្តបន្ទាប់៕