(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌបឹងកេងកង បានដើរចែកបន្លែដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវនានាទូទាំងខណ្ឌ និងអំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានរបស់រដ្ឋាភិបាល «៣កុំ និង៣ការពារ»។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីសាលាខណ្ឌ ដឹកបន្លែតាមរថយន្ត ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជួយសំរាលការលំបាក និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ខណ:ដែលទីតាំងមួយចំនួនត្រូវបានបិទខ្ចប់មិនឲ្យប្រជាពលរដ្ឋចេញចូលដោយបារម្មណ៍ពីការឆ្លងរីករាលដាលជម្ងឺកូវីដ១៩។

ក្នុងដំណើរចុះចែកបន្លែបង្កាជូនប្រជាពលរដ្ឋតាមរថយន្ត លោកអភិបាលខណ្ឌបឹងកេងកង បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើមិនមានការចាំបាច់មិនត្រូវចេញពីផ្ទះដាច់ខាត ពាក់ព័ន្ធនិងការការពារខ្លួនត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល គឺ «៣ការពារ និង៣កុំ»។

លោកបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដាច់ខាតមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់នោះទេ លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតត្រូវ ទាក់ទងមកអាជ្ញាធរភូមិ ឬសង្កាត់ដែលនៅជិតបំផុត ដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលា។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានបញ្ជាក់ថា អាជ្ញាធរខណ្ឌ បានដឹកបន្លែស្រស់ៗចែកជូនដល់ប្រជាពលរដ្ឋជាង ៨០០កញ្ចប់ ទៅ១០០០កញ្ចប់ ក្នុងការចេញចែកជូនដល់ប្រជាពលរដ្ឋម្តងបន្ថែម ពីលអំណោយអង្ករ មី ត្រីខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន។

ក្នុងនោះដែរ លោកអភិបាលខណ្ឌបឹងកេងកង សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌ ត្រូវពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួច សូមចូលផ្ទះវិញរៀងៗខ្លួន៕