(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយជាថវិកា និងសម្ភារពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អំណោយដែលគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានទទួលនាពេលនេះ មានដូចជា៖ ថវិកា ១.០០០ ដុល្លារ, អង្ក ២តោន,ទឹកបរិសុទ្ធ ចំនួន ៥០កេស, ម៉ាសចំនួន ១០.០០០ម៉ាស, អាល់កុលចំនួន ៧កាន , និងមីម៉ាម៉ាចំនួន៥កេសធំ។

នាឱកាសនោះដែរលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់អំណោយ ដែលមានចិត្តសប្បុរសចេះជួយគ្នាក្នុងគ្រាលំបាក បាននាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះដែរ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្ត នូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្ត វិធានការបិទខ្ទប់ភូមិ រយៈពេល១៤ថ្ងៃ ក្នុងករណីរកឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងណាមួយ នៃភូមិសាស្ត្រខេត្តកំពង់ចាម៕