(ពោធិ៍សាត់)៖ ព្រះចៅអធិការវត្តបក្សីចាំក្រុង ត្រូវបានជនដៃដល់កាប់មួយកាំបិតខ្វែវ ចំក្រោមមាត់ និងដើមដៃខាងស្តាំបណ្ដាលឱ្យរបួសធ្ងន់ ដោយសាររឿងគំនុំ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង នាវេលាម៉ោង ០៨៖៣០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចវត្តបក្សីចាំក្រុង ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ បានឲ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ មានករណីហិង្សាមានស្ថានទម្ងន់ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ឆេង ឆាយ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ បានយកកាំបិតខ្វែវ កាប់ទៅលើព្រះតេជគុណព្រះនាម ទេព អូច ព្រះជន៥៤វស្សា ជាព្រះចៅអធិការវត្តបក្សីចាំក្រុងចំនួនមួយកាំបិត ចំក្រោមមាត់ និងដើមដៃខាងស្តាំ (បណ្ដាលឱ្យរបួសធ្ងន់) បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ហើយត្រូវបានគេដាក់ការសន្និដ្ឋានថា ដោយសារតែរឿងគំនុំ។

លុះវេលាម៉ោង០៨៖៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុក សហការជាមួយកម្លាំងនគរបាលស្រុក បានចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆេង ឆាយ ទីលំនៅភូមិឃុំខាងលើ និងវត្ថុតាងកាំបិតខ្វែវចំនួន១ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕