(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក ក្នុងនោះយប់១១លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល៩នាក់ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំចំនួន៥គ្រឿង និងអ្នកថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ស្រវឹង៣លើក, ប្រជែងគ្រោះថ្នាក់៣លើក, មិនប្រកាន់ស្តាំ១លើក និងកត្តាយានយន្ត ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់ (យប់៦នាក់)។
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៦៦៦៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣៥២៦គ្រឿង ពិន័យសរុប ៣១៤២គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១៦១៩នាក់ ៕