៥ថ្ងៃ ក្រសួងពាណិជ្ជកម្ម លក់ស្បៀងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានអង្ករ ១៤៥២ប៉ាវ, មី ៤២៨៣កេស, ត្រីខ ២៨០៣យួរ និងគ្រឿងបរិភោគមួយចំនួនទៀត
27-04-2021 10:25
(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៦ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម លក់ស្បៀងជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម បានអង្ករ១៤៥២ប៉ាវ, មី ៤២៨៣កេស, ត្រីខ ២៨០៣យួរ, ទឹកត្រី ១១៦១យួរ, ទឹកស៉ីអ៉ីវ ១០៩៧យួរ, ទឹកបរិសុទ្ធ ២៣០យួរ, ឆៃប៉ូវ ៦០២ថង់ (១ថង់ ២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត។
នេះបើតាមការបញ្ជាក់ របស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ដើម្បីភ្ជាប់ផ្សារអនឡាញរបស់ក្រុមហ៊ុន ឈ្មោះថា វីទិញ (V-THINH) មកជាមួយផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម។
លើសពីនោះទៀត ផ្សារអ៉ឺអន និងក្រុមហ៊ុន Super App ក៏នឹងភ្ជាប់ផ្សាររបស់ខ្លួន ជាមួយផ្សារអនឡាញក្រសួងដែរ ធ្វើឲ្យលើផ្សារអនឡាញ មានទំនិញកាន់តែសម្បូរបែប។
លោក ប៉ែន សុវិជាតិ បានបន្ថែមទៀតថា ទោះផ្សារទំនើបក្ដី ក្រុមហ៊ុនឯកជនក្តី ដែលសហការជាមួយក្រសួង ត្រូវមានកិច្ចសន្យាច្បាស់លាស់ ដោយបញ្ជាក់ពីការផ្គត់ផ្គង់ទំនិញ ដែលមានគុណភាព តម្លៃថោកសមរម្យ ពិសេសបុគ្គលិក ត្រូវបានទទួលការចាក់វ៉ាក់សាំងពីរលើក និងត្រូវគោរពតាមវិធានសុខាភិបាល។
លោកបានបញ្ជាក់ថា ចំនួនស្តង់លក់ទំនិញ ត្រូវតែស្ថិតក្នុងកំរិតមួយ ដែលអាចគ្រប់គ្រងបាន មិនអាចពង្រីកឲ្យធំមានទាំងការបោះដុំទំនិញ ដូចការលើកឡើងខ្លះនោះទេ ព្រោះវានឹងក្លាយទៅជាផ្សារទ្រង់ទ្រាយធំមួយ ដែលនឹងប្រឈមនឹងការចម្លងមេរោគកូវីដ-១៩ ហើយត្រូវបិទដូចផ្សារដទៃ៕