(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ស្របនិងថ្ងៃបុណ្យវិសាខបូជា បានរៀបចំពិធីបួងសួងនៅលើទួលក្នុងបឹងស្នោរ និងដាំដើមពោធិ៍ប្រឹក្សព្រមទាំងដើមឈើផ្សេងៗជាច្រើនដើមទៀតផងដែរ។

នៅក្នុងឱកាសនេះលោក ប៉ែន កុសល្យ រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ បានអុជធូបបួងសួងនៅលើទួលបឹងស្នោរដែលមានបារមីពូកែស័ក្កសិទ្ធ សូមជួយថែរក្សាប្រទេសកម្ពុជា ឲ្យចាកផុតពីជំងឺកូវីដ១៩នាពេលឆាប់ៗ។

សូមបញ្ជាក់ថា ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។ មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់ខាងលើនេះផងដែរ។ បុណ្យវិសាខបូជាគឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់ ហើយត្រូវបានចាត់ទុកជាបុណ្យជាតិ ដែលប្រជាជនកម្ពុជា ជាពុទ្ធសាសនិកជនគោរពបូជាជារៀងរាល់ឆ្នាំ។

ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ នៃព្រះសមា្មសម្ពុទ្ធ គឺ ថ្ងៃព្រះអង្គប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន ដែលចំថ្ងៃ ១៥កើត ខែពិសាខ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕