(ភ្នំពេញ)៖ យោងតាម Facebook របស់លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ មានលិខិតអនាមិកមួយច្បាប់ បានផ្ញើទៅដល់គេហដ្ឋានរបស់លោក អេង ឆៃអ៊ាង។
លោកបានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «កាលពីព្រលប់នេះ (០៧-០៣-២០១៦) ខ្ញុំមានកិត្តិយស ដោយបានទទួលលិខិត ព្រមានមួយច្បាប់ដែលពួកគេយកមកដល់គេហដ្ឋាន»។
នៅក្នុងលិខិតនោះបានសរសេរផ្ញើជូនលោក អេង ឆៃអាង ដោយបានសរសេរព្រមានចំនួន ៥ចំណុចខាងក្រោម៖
ទី១៖ សូមអាន និងស្តាប់រឿងអាស្រូវរបស់លោកផ្ទាល់
ទី២៖ សូមកុំព្រហើន និងត្រូវឈប់ព្រហើនតទៅទៀត ក្នុងការនិយាយជាសាធារណៈ និងជាមួយអ្នកកាសែត។
ទី៣៖ ត្រូវឈប់ជាបន្ទាន់ក្នុងការចេញមកនិយាយជួយការពារ និងបិទបាំងរឿងអាស្រូវរបស់លោក កឹម សុខា ជាពិសេសការនិយាយបង្វែរឿងអាស្រូវពិតប្រាកដរបស់ កឹម សុខា ទៅរឿងផ្សេង ដោយទុកឲ្យ កឹម សុខា ទទួលខុសត្រូវម្នាក់ឯងចុះ។
ទី៤៖ បើមិនស្តាប់ និងធ្វើតាមអ្វីដែលខ្ញុំប្រាប់ទាំង៤ ចំណុចខាងលើទេ រឿងអាស្រូវផ្ទាល់របស់លោកក៏នឹងត្រូវផ្សព្វផ្សាយឲ្យគេដឹងពេញស្រុកខ្មែរ និងពេញពិភពលោក តាម Facebook និង Webpage របស់ខ្ញុំ ដូចរឿងអាស្រូវរបស់ កឹម សុខា ដែរ៕
សូមជំរាបថា ម្ចាស់ Facebook «រឿងពិត CNRP» តែងតែបង្ហោះរឿងអាស្រូវផ្លូវភេទលោក កឹម សុខា ពាក់ព័ន្ធស្រ្តីវ័យក្មេង និងប្រពន្ធចុងជាបន្តបន្ទាន់ ធ្វើឲ្យផ្អើលពេញប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook ហើយនៅថ្ងៃនេះលិខិតមួយដែលបានដាក់ឈ្មោះ រឿងពិត CNRP បានផ្ញើលិខិតព្រមានយ៉ាងព្រហើនដល់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង៕