(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា បានអំពាវនាវទៅដល់ស្ថាប័នទាំងអស់នៅកម្ពុជា បញ្ឈប់ការរំលោភទៅលើសិទ្ធិសេរីភាព និងឈប់ រារាំងអ្នកព័ត៌មានក្នុងពេលចុះបំពេញភារកិច្ច។
ការអំពាវនាវនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីអ្នកព័ត៌មានជាច្រើនរូប ត្រូវបានអង្គរក្ស របស់លោក កឹម សុខា រារាំង និងរុញទីងណាត់ទីណែងពេល ពួកគេព្យាយាមចូលជួបសម្ភាសន៍លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ អំពីការបែកធ្លាយសំឡេងសាសងស្នេហ៍ តាមខ្សែទូរស័ព្ទជាមួយនារីកំណាន់ចិត្តជាច្រើននាក់។
លោក កឹម សុខា ដែលមានអាយុ ៦៣ឆ្នាំ កំពុងប្រឈមរឿងចោទប្រកាន់អាស្រូវនូវអំពើក្បត់សីលធម៌ដឹកនាំ និងអំពើផិត ដែលក្បត់ តម្លៃគ្រួសារក្រោយការបញ្ចេញសំឡេងថតតាមទូរស័ព្ទជជែកសាសងជាមួយនារី ដែលគេសង្ស័យជាគូកំណាន់ម្នាក់ ឈ្មោះ ស្រីមុំ ទើបមានអាយុ ១៨ឆ្នាំ រួមនិងនារីផ្សេងៗជាច្រើនរូបទៀត។
ក្រោយរឿងអាស្រូវបានបញ្ចេញនោះ ក្រុមអ្នកព័ត៌មាន និងក្រុមនិស្សិតបញ្ញវ័ន្តមួយចំនួនផង បានព្យាយាមស្វែងរកការបំភ្លឺពី លោក កឹម សុខា។ ក្រុមអ្នកព័ត៌មាន និងក្រុមនិស្សិត បានព្យាយាមតាមតាំងពីនៅទីស្នាក់គណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម រហូតដល់តាមវេទិកា នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីសប្តាហ៍កន្លងទៅនេះ។
តែជាការសោកស្តាយការព្យាយាមរបស់ក្រុមអ្នកព័ត៌មាន មិនបានទទួលការឆ្លើយតបពីលោក កឹម សុខា នោះឡើយ ហើយថែមទាំងត្រូវក្រុមអង្គរក្ស និង សមាជិក សមាជិកា គណបក្សសង្រ្គោះជាតិ រុញច្រានយ៉ាងទីងណាត់ទីងណែង។
ក្រុមនិស្សិតក្តី ក្រុមអ្នកព័ត៌មានក្តី មិនត្រឹមតែទទួលបានការរារាំងមិនឲ្យជួបសម្ភាសន៍លោក កឹម សុខា ប៉ុណ្ណោះទេ ពួកគេថែមទាំង បានត្អូញត្អែរថា បានរងការប្រើកម្លាំងរុញច្រានពីក្រុមមនុស្សជាច្រើន ដែលតាមហែរហមលោក កឹម សុខា ថែមទៀត។ ខ្លះរងការស្តីព្រមានទាញអាវ ទាញខោ ទាញកាបូប ដែលចង់សាកសួររកការពិតថា តើប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពិតជាប្រព្រឹត្តរឿងអាស្រូវនូវអំពើក្បត់សីលធម៌ដឹកនាំ និង អំពើផិតក្បត់ នៃតម្លៃគ្រូសារមែនដែរ ឬយ៉ាងណានោះ?
សកម្មភាពរារាំង និងការរុញច្រានប្រើកម្លាំងមកលើក្រុមអ្នកកាសែត ដែលចង់ដឹងអំពីការពិតជាប់ទាក់ទង នឹងរឿងអាស្រូវស្នេហារបស់មេដឹកនាំ គណបក្សសង្គ្រោះជាតិ ត្រូវបានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី០៧ ខែមីនា បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកសកម្មភាពរារាំងនេះ កំពុងប៉ះពាល់ដល់ដំណើរការ នៃការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ការតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និង ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ក៏បានអំពាវនាវ សុំកុំឲ្យមានការរារាំងដល់ដំណើរការបំពេញភារកិច្ច របស់អ្នកកាសែតដែលកំពុងបម្រើវិជ្ជាជីវៈរបស់ខ្លួន។ សេចក្តីថ្លែងការណ៍ដដែលបានសរសេរទៀតថា នឹងបន្តឃ្លាំមើលរាល់សកម្មភាពទាក់ទងនឹងការ ផ្តល់ព័ត៌មាន ការយកព័ត៌មាន និងការពារអ្នកសារព័ត៌មាន ដែលបំពេញបេសកកម្មតាមវិជ្ជាជីវៈ។
ពាក់ព័ន្ធការបែកធ្លាយសារសំឡេងសាសងស្នេហារបស់លោក កឹម សុខា ជាមួយនារីកំណាន់ ដែលមានទាំងនារីជនជាតិវៀតណាម ផងនោះ ត្រូវបានមន្ត្រី គណបក្សសង្គ្រោះជាតិ បានថ្លែងការពារដោយលើឡើងថា គឺជារឿងបុគ្គល។
តែមតិមួយចំនួនមិនបានយល់ឃើញដូច្នោះឡើយ សាធារណមតិបានលើកឡើងថា លោក កឹម សុខា ជាសមាជិករដ្ឋសភា ជាអ្នកឈរឈ្មោះដឹកនាំ គណបក្សនយោបាយមួយ ដែលតែងបង្ហាញពីភាពស្អាតស្អំ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ អំពើចោទប្រកាន់ផិតក្បត់ នៃសីលធម៌ដឹកនាំនេះ ដូច្នេះអំពើផិតក្បត់ក្នុងផ្លូវស្នេហ៍នេះ មិនមែនជារឿងសាមញ្ញធម្មតានោះទេ។
សាធារណៈមតិលើកឡើងទៀតថា ក្នុងពិភពលោកនេះ មេដឹកនាំនយោបាយ ត្រូវបានគេវាយតម្លៃខ្ពស់លើកត្តាសីលធម៌នៃជីវិត ដែលហេតុដូច្នេះហើយ បានជានៅតាមវេទិកាឆាកនយោបាយនានា ក្រុមគ្រួសារ នៃអ្នកឈរឈ្មោះនយោបាយឲ្យគេបោះឆ្នោត តែងតែលេចមុខជាមួយគ្នានៅលើវេទិកា ដែលជាការបង្ហាញនូវតម្លៃគ្រួសារ និងសីលធម៌គំរូស្អាតស្អំរបស់អ្នកដឹកនាំ។
ការបញ្ចេញសំឡេងសាសងស្នេហា ដ៏ផ្អែមល្ហែមរវាងលោក កឹម សុខា នារីកំណាន់ចិត្ត បាននាំឲ្យសាធារណមតិមានការសង្ស័យចំពោះសីលធម៌ របស់មេដឹកនាំ ជាពិសេសមេដឹកនាំនយោបាយ ដែលតែងតែប្រកាសថា ខ្លួនប្រកាន់ខ្ជាប់ភាពស្អាតស្អំ។ ការចោទប្រកាន់រឿង អាស្រូវនេះ បានជំរុញឲ្យអ្នកព័ត៌មានកាន់តែមានតួនាទីក្នុងការស្វែងរកការពិតក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ដូច្នេះមិនគួរ មានការរាំងនោះឡើយ៕