(ឧត្តរមានជ័យ)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តឧត្តរមានជ័យ ដោយមានលោក លិញ សុវឌ្ឍនា ជាប្រធានសាខា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះប្រតិបត្តិការការងារ ចុះតាមដាន និងស្រង់តម្លៃទំនិញ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូអាហារ និងធ្វើការត្រួតពិនិត្យ ទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារគោកមន មានទីតាំងនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោក លិញ សុវឌ្ឍនា សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញ ខូចគុណភាព និងមានសារធាតុគីមី ហាមឃាត់ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់ការលក់តម្លើងថ្លៃទំនិញ ដែលធ្វើអោយប៉ះពាល់ដល់ ផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ ក្នុងតំណាក់កាល នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩។

លោកប្រធានសាខា បានបន្តថា ក្នុងសកម្មភាពនេះ ក្រុមការងារបានតាមដាន និងស្រង់តម្លៃទំនិញ ត្រួតពិនិត្យទំនិញ វេចខ្ចប់រួចជាស្រេច និងធ្វើតេស្តបឋមលើផលិតផល ទំនិញបានចំនួន០៥គំរូ រួមមាន ៖ ម៊ឹក ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ត្រីងៀតត្រីរ៉ស់និងសណ្ដែកបណ្ដុះ ដើម្បីរកសារធាតុគីមីហាមឃាត់។

លោកបានឲ្យដឹងទៀតថា ជាលទ្ធផលនៃការចុះអង្កេត៖

*ទី១៖ ពុំមានការលក់តម្លើងថ្លៃទំនិញ ដែលគួរឲ្យកត់សម្គាល់ឡើយ និងណែនាំអោយអាជីវករទាំងអស់ កុំឆ្លៀតឱកាសលក់តម្លើងថ្លៃទំនិញ ហួសហេតុ ដែលធ្វើអោយប៉ះពាល់ ផលប្រយោជន៍អ្នកប្រើប្រាស់។

*ទី២៖ បានដកហូតទំនិញ ដែលហួសកាលបរិច្ឆេតប្រើប្រាស់ បានចំនួន ៩.៩៣ គីឡូក្រាម យកមករក្សាទុកនៅសាខា ក.ប.ប ខេត្ត ដើម្បីកំទេចចោល នៅពេលក្រោយក្នុងនោះមាន៖
*ខ្ទិះដូងកំប៉ុង ចំនួន ២២កំប៉ុង ស្មើនិង ៨.៨ លីត្រ
*ទឹកដោះគោស្រស់ ចំនួន០៥ប្រអប់ ស្មើនិង ១.១៣លីត្រ ។

ជាមួយគ្នានោះ ក្រុមការងារជំនាញរបស់លោក ក៏បានបិទ និងផ្សព្វផ្សាយផ្ទាំងរូបភាព (Poster) បានចំនួន ៤០ផ្ទាំង និងពន្យល់ណែនាំដល់អាជីវករឲ្យបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព នើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្កផល ប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលអាចប្រឈម ចំពោះមុខច្បាប់ថែមទៀតផង៕