(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានផាកពិន័យលើមនុស្សចំនួន៦នាក់ (ស្រី០២នាក់) ករណីល្មើសវិធានការបិទខ្ទប់ ដែលប្រមូលផ្តុំគ្នាផឹកស៊ីនៅក្នុងហាង «ម្លប់ស្បូវមានលាភ» ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះថា បុគ្គលទាំង៦នាក់រួមមាន៖

*ទី១៖ ឈ្មោះ ស៊ុន ដា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិ១០ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន (ត្រូវបានធ្វើការពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល)។

*ទី២៖ ឈ្មោះ ស៊ុន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារពេទ្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់អូឡំពិក ខណ្ឌចំការមន (ត្រូវបានធ្វើការពិន័យជាប្រាក់ ចំនួន ២,០០០,០០០រៀល)។

*ទី៣៖ ឈ្មោះ ចៅ ប៉ៅសិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារកាថេរ ស្នាក់នៅក្នុងហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ត្រូវបានធ្វើការពិន័យជាប្រាក់ ចំនួន ២,០០០,០០០រៀល)។

*ទី៤៖ ឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវហាងម្លប់ស្បូវមានលាភ ស្នាក់នៅក្នុងហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ត្រូវបានធ្វើការពិន័យជាប្រាក់ ចំនួន ៣,០០០,០០០រៀល)។

*ទី៥៖ ឈ្មោះ ហេង ម៉ី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ត្រូវបានធ្វើការពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល)។

ទី៦៖ ឈ្មោះ ឈឹម សោភា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកសាឡន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ត្រូវបានធ្វើការពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល)៕