(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវទៅដល់ប្រទេសនានានៅលើពិភពលោកកុំឱ្យទិញវ៉ាក់សាំងទៅស្តុកទុក និងប្រើវ៉ាក់សាំងជាឧបករណ៍នយោបាយ ដែលនាំឱ្យប៉ះពាល់ដល់ការដោះស្រាយវិបត្តិបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩។

ការថ្លែងអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

រយៈពេលជាងមួយឆ្នាំហើយដែលពិភពលោកទាំងមូល បានជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលជាប្រធានបទជជែកជាពិសេសទៅលើការស្តារប្រទេសនីមួយៗឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។

សម័យប្រជុំលើកទី៧៧ នឹងវិភាគពីផលប៉ះពាល់សង្គមសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19 នៅក្នុងបណ្ដាប្រទេសនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងចាត់វិធានការសកម្មភាព និងដាក់ចេញគោលនយោបាយដើម្បីការងើបឡើងវិញយ៉ាងល្អប្រសើរពីវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងផ្តោតលើទៅវិស័យអន្តរទំនាក់ទំនងសំខាន់ចំនួន៤ មានដូចជា៖ ពង្រីកកិច្ចគាំពារសង្គម, ការវិនិយោគសម្រាប់ការងើបឡើងវិញប្រកបដោយចីរភាព, ពង្រឹងការផ្សាភ្ជាប់ និងចង្វាក់ផ្គត់ផ្គង់ រួមទាំងជួសជុលទំនាក់ទំនងបែកបាក់ជាមួយធម្មជាតិ។

នៅចំពោះមុខលោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន ESCAP ក៏ដូចជាមេដឹកនាំប្រទេសសមាជិកដទៃទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សេដ្ឋកិច្ចសកលឆ្នាំ២០២១នេះ ទោះបីត្រូវបានរំពឹងថា នឹងងើបឡើងវិញ ប៉ុន្តែនៅតែប្រឈម នឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យនៃការវិលត្រលប់មកវិញនូវរលកថ្មីៗនៃជំងឺកូវីដ១៩ ជាពិសេសតាមរយៈការបំប្លែងខ្លួនលឿនលើសពីការរំពឹងទុកនៃមេរោគ ដែលបន្តរំខានដល់ជីវភាពសេដ្ឋកិច្ច។

សម្តេចតេជោ បានបន្ថែមថា គម្លាតនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ក៏អាច បង្កជាហានិភ័យ និងរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ និងសកល ពោលគឺមានប្រទេសមួយ ចំនួនតូចប៉ុណ្ណោះ ដែលអាចងើបឡើងវិញបានប្រសើរ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀតបន្តរង ផលប៉ះពាល់ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច។ ក្នុងបរិការណ៍នេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការង្រឹងគុណភាព និងប្រសិទ្ធភាព នៃ ប្រព័ន្ធសុខាភិបាល គឺជាការងារអាទិភាពបំផុតសម្រាប់ប្រទេសទាំងអស់លើលោក។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «កម្ពុជាសូមគូសបញ្ជាក់ពីសារៈសំខាន់ និងភាពបន្ទាន់នៃការបែងចែក និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ និងថ្លៃសមរម្យ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន (hoarding) និងសូមកុំឱ្យមានការប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍នយោបាយ (vaccine politics)»

ក្នុងសន្និបាតនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាទស្សនទានមួយចំនួន ដើម្បីជាវិភាគទានសម្រាប់ការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោក បណ្តាលមកពីជំងឺកូវីដ១៩ផងដែរ។ សម្តេចតេជោ បានផ្តល់ទស្សនទានចំនួនដូចខាងក្រោម៖

១៖ បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយមឱ្យកាន់តែខ្លាំងក្លា ព្រមទាំងផ្តល់ភាពអនុ-គ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីធានាថាផលប្រយោជន៍ដែលកើតចេញពីសកលភាវូបនីយកម្មត្រូវ បានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព ។

២៖ ជំរុញឌីជីថលូបនីយកម្មដោយផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាលឌីជីថល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងលើកទឹកចិត្តឱ្យវិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំ-ទូលាយ ដែលនេះនឹងដើរតួជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ភាពប្រកួត-ប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។

៣៖ ជំរុញកសាងភាពធន់ផ្នែកសង្គម ដោយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល, លើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ទាំងគុណភាព និងវិសាលភាព ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។

៤៖ ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយលើកកម្ពស់កិច្ចដំណើរការអាជីវកម្ម ក្នុងសេដ្ឋកិច្ចផ្លូវការ និងធានាការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ក៏ដូចជាបច្ចេកទេសគ្រប់គ្រង ដើម្បីជំរុញការតភ្ជាប់ទៅនឹងច្រវាក់ផលិតកម្ម និង ការបម្រើដល់ឧស្សាហកម្មធំៗ។ ទន្ទឹមនេះ បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះធម្មជាតិ ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ, ធានាចីរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារឡើងវិញក្រោយវិបត្តិ គឺទាមទារឱ្យប្រទេសលើពិភពលោកត្រូវឆ្លើយតបជាបន្ទាន់ និងប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដោយឈរលើស្មារតីសាមគ្គីភាព រួមទាំងកិច្ចសហការ និងការគោរពគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP បានប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ សម្រាប់កម្មវិធីបើក មានការចូលរួមថ្លែងសុន្ទរកថាពីលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN-ESCAP, លោក Volkan Bozkir ប្រធានអង្គមហាសន្និបាតរបស់អង្គការសហប្រជាជាតិ, លោក Munir Akram ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC), ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាលចំនួន ១៦រូប នៃប្រទេសជាសមាជិករបស់ UN-ESCAP រួមមាន៖ អាហ្វហ្គានីស្ថាន, អាស៊ែបៃហ្សង់, បង់ក្លាដែស, កម្ពុជា, ប៊ូតាន, ហ្វីជី, គីរីបាទី, កៀហ្ស៊ីស៊ីស្ថាន, កោះម៉ាស្យល, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ស្រីលង្កា, តាជីគីស្ថាន, ថៃ, ទូមិននីស្ថាន, និង អ៊ូបេគិស្ថាន ព្រមទាំងតំណាងជាន់ខ្ពស់នៃស្ថាប័នសំខាន់ៗ របស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផងដែរ៕