(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះ ម៉ោងនៅកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) តាមរយៈប្រព័ន្ធវីដេអូ។

សន្និបាតប្រចាំឆ្នាំលើកទី៧៧ មានប្រទេសថៃជាម្ចាស់ផ្ទះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន ESCAP និងមានការអញ្ជើញថ្លែងសុន្ទរកថាពីថ្នាក់ដឹកនាំបណ្តាប្រទេសសមាជិក។ សន្និបាតប្រចាំឆ្នាំនេះ ធ្វើឡើងក្រោមប្រធាន «ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP។

នៅចំពោះមុខអគ្គលេធិការរងអង្គការសហប្រជាជាតិ និងបណ្តាមេដឹកនាំប្រទេសជាសមាជិក សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីការព្រួយបារម្ភចំពោះស្ថានភាពមិនច្បាស់លាស់នៃការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល បណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩។

សម្តេចតេជោ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចសកលឆ្នាំ២០២១នេះ ទោះបីត្រូវបានរំពឹងថា នឹងងើបឡើងវិញ ប៉ុន្តែយើងនៅតែប្រឈម នឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យនៃការវិលត្រលប់មកវិញនូវរលកថ្មីៗនៃជំងឺនេះ ជាពិសេស តាមរយៈការបំប្លែងខ្លួនលឿនលើសពីការរំពឹងទុកនៃវីរុសកូរ៉ូណា ដែលបន្តរំខានដល់ជីវភាពសេដ្ឋកិច្ច។

សម្តេចតេជោ បានគូសរំលេចផងដែរថា គម្លាតនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ក៏អាចបង្កជាហានិភ័យ និងរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ និងសកលផងដែរ ពោលគឺមានប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចងើបឡើងវិញបានប្រសើរ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀតបន្តរង ផលប៉ះពាល់ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមថា ក្នុងបរិការណ៍នេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការង្រឹងគុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល គឺជាការងារអាទិភាពបំផុតសម្រាប់ប្រទេសក្នុងពិភពលោក។

ខាងក្រោមនេះជាសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP៖