(តាកែវ)៖ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងតែកើតមានឡើងនៅប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»

ការអំពាវនាវបែបនេះ របស់លោក ម៉ឹង វុធី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងឱកាសលោកបាននាំអំណោយសប្បុរសធម៌ បានមកពីការបរិច្ចាគពីក្រុមការងារ និងបងប្អូនអាជីវករក្នុងខេត្តតាកែវ ទៅចែកជូនគ្រួសារក្រីក្រប្រភេទ១ មួយចំនួនដែល ស្ថិតក្នុងឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

នាឱកាសនោះដែរ លោក ម៉ឹង វុធី ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនឹងសាប៊ូ អាល់កុល និងត្រូវពាក់ម៉ាស ឱ្យបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុះគ្នាច្រើនជាពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន និយាយជារួមសូមប្រជាពលរដ្ឋ ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។

លោកអភិបាលរងខេត្តតាកែវ បានលើកឡើងថា បច្ចុប្បន្ននេះ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួននាក់ស្លាប់ ក៏មានការកើនឡើងដូចគ្នាផងដែរ ដូច្នោះ សូមប្រជាពលរដ្ឋត្រូវមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហានេះ ជៀសវាងអនុវត្តន៍ផ្ទុយពីការណែនាំរបស់អាជ្ញាធមូលដ្ឋាន និងក្រសួងសុខាភិបាលដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

បន្ថែមពីនេះ លោក ម៉ឹង វុធី ក៏បានណែនាំដល់អាជ្ញាធមូលដ្ឋានបន្តអប់រំផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធជាមួយរាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការចូលរួមអនុវត្តន៍ពីប្រជាពលរដ្ឋនោះទេ យើងមិនអាចទប់ស្កាត់ចំងឺកូវីដ១៩ បាននោះទេ៕