(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការផ្ទុះនៃការរីករាលដាលនៃជំងឺកូវីដ១៩ ឬព្រឹត្តិការណ៍២០កុម្ភៈ ពិតជាផ្ដល់ផលប៉ះពាល់ខ្លាំង លើវិស័យអចលនទ្រព្យ ប៉ុន្ដែប៉ះពាល់ក្នុងកម្រិតមួយ ដែលមិនទាន់ស្ថិតក្នុងសញ្ញានៃ គ្រោះថ្នាក់នោះឡើយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ច្រឹក សុខនីម បានថ្លែងថា «ស្ថានភាពនៃវិស័យអចលនទ្រព្យបច្ចុប្បន្ន ទទួលផលប៉ះពាល់ខ្លាំង ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពិសេស២សប្ដាហ៍ចុងក្រោយនេះ ដែលឈានដល់ការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។ ចំពោះវិស័យអចលនទ្រព្យ និយាយពីអ្នកទិញលក់ គឺខណៈពេលនេះ ពិបាកក្នុងការធ្វើដំណើរ ស្វែងរកអចលនទ្រព្យ ចំពោះព័ត៌មានផ្សេងៗពីអចលនទ្រព្យ គឺទទួលបានជាបណ្ដោះអាសន្ន ពីភ្នាក់ងារផ្សេងៗប៉ុណ្ណោះ»

លោកបានបញ្ជាក់ថា «ជាការពិតបច្ចប្បន្ន ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពិតជាប៉ះពាល់ខ្លាំងលើវិស័យអចលនទ្រព្យ ប៉ុន្ដែមិនឈានដល់សញ្ញាគ្រោះថ្នាក់នៅឡើយ»

លោកបន្ដថា និយាយចំពោះការទិញលក់ លើវិស័យអចលនទ្រព្យវិញ ពុំសូវមានចរន្ដទេ ពិសេសកំឡុងពេលប្រមាណជា២សប្ដាហ៍នេះ។ ជាការពិតស្ថិតក្នុងអំឡុងពេលនៃ ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ពិតមែន ប៉ុន្ដែសម្រាប់តម្លៃនៃអចលនទ្រព្យ ពុំថមថយតម្លៃនោះទេ យោងតាមបទពិសោធន៍ ដែលធ្លាប់ឆ្លងកាត់ប្រមាណ១ឆ្នាំនេះ តម្លៃហាក់នៅទ្រឹងមិនថយចុះនោះទេ។

លោកបានបញ្ជាក់ទៀតថា «ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ លើកទី៣នេះ ក៏នៅតែមានក្រុមហ៊ុនអចលនទ្រព្យធំៗ នៅតែបន្ដបោះទុនវិនិយោគ លើបុរី ខុនដូជាដើម នៅតែបន្ដសកម្មភាពរបស់ខ្លួន ទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះក្ដី នេះជាការសបញ្ជាក់ពីភាពរឹងមាំ នៃវិស័យអចលនទ្រព្យ នៅពេលបច្ចុប្បន្ន និងពេលអនាគត»