(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចប់ការពិនិត្យនៅតាមច្រកចេញចូល ព្រំប្រទល់រវាងខេត្តបន្ទាយមានជ័យ ជាមួយនឹងបណ្ដាខេត្តផ្សេងៗទៀត ដោយអនុវត្ដតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអះអាងថា បើទោះពីបញ្ចប់ការពិនិត្យនៅតាមច្រកចេញចូលរបស់ព្រំប្រទល់ខេត្ត ប៉ុន្ដែចំពោះការអនុវត្តវិធានការរដ្ឋបាល ត្រូវបន្ដអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មី។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ បានសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

ដោយឡែក សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន៕