(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ប្រកាស១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្ដាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១»

ដោយឡែក សម្រាប់វិធានការរដ្ឋបាលបណ្ដោះអាសន្ននេះ ត្រូវបានផ្អាកនូវសកម្មភាពធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្ដ្រក្រុងប៉ោយប៉ែត ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ជាកំហិត តែត្រូវបានលើកលែងករណីចាំបាច់មួយចំនួន រួមមាន៖

* ការដឹកជញ្ជូនទំនិញធុនធ្ងន់មកពីព្រំដែនថៃ មកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជា ទៅព្រំដែនថៃ
* ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
* ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ដ្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព
* ការធ្វើចរាចរណ៍របស់រថយន្ដកុងតឺនឺ រថយន្ដសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្ដបាញ់បេតុង រថយន្ដដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់វេជ្ជសាស្ដ្រ
* ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕