(ភ្នំពេញ)៖ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយអាជ្ញាធរ សង្កាត់ផ្សារដេប៉ូទី៣ ក្រោមកិច្ចសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានចុះបង្រ្កាបសកម្មភាព ជួញដូរគ្រឿងញៀន នៅចំណុចផ្ទះសំណាក់ Comfort បន្ទប់លេខ៤០៤ (ជាន់ទី២) ដែលមានទីតាំងនៅផ្ទះលេខ២២អា ផ្លូវលេខ១១២ ក្រុមទី១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដោយរឹបអូសថ្នាំ៦កញ្ចប់ធំ ស្មើនឹងជាងកន្លះគីឡូក្រាម។
ជនសង្ស័យ ទី១-ឈ្មោះ សុខ លីន ហៅ កក្កដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក និង
ទី២-ឈ្មោះ គឹម សុខហៃ ហៅ ហៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះ លេខ៧បេ ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
ក្រៅពីការដកហូតថ្នាំញៀនជាងកន្លះគីឡូក្រាម កម្លាំងនគរបាលបានដកហូត ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនម៉ាក Poket Scal ចំនួន០១គ្រឿង ទូរស័ព្ទចំនួន០៤គ្រឿង ខ្សែកលោហធាតុស្លេក ០១ខ្សែមានបន្តោងរូបព្រះពុទ្ធ ដបទឹកបរិសុទ្ធកែច្នៃជាឧបករណ៍ សំរាប់ជក់គ្រឿងញៀនចំនួន០១ ក្បាលកែវសំរាប់ជក់គ្រឿងញៀនចំនួន០២ និងដងកែវចំនួន៣។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕