(កំពង់ឆ្នាំង)៖ នៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូនបុរសម្នាក់ឈ្មោះ ភឹម ផាយផាត់ ដែលបានកាត់តវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ផ្សាយតាមប្រព័ន្ធសង្គម TikTok ក្នុងចេតនាញុះញង់បង្ករអសន្តិសុខក្នុងសង្គម។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បុគ្គលឈ្មោះ ភឹម ផាយផាត់ អាយុ ៣៩ឆ្នាំ រស់នៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានបង្ហោះរូបភាព និងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ភ្ជាប់នូវការនិយាយបន្ថែមខ្លួនឯងខុសពីការពិត ពាក់ព័ន្ធនឹងចំណាត់ការ របស់រាជរដ្ឋាភិបាលលើបញ្ហាកូវីដ១៩ ដែលកំពុងឆ្លងរាលដាលក្នុងសហគមន៍។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា បទល្មើសដែលបុគ្គលរូបនោះបានប្រព្រឹត្តិ ត្រូវបានការិយាល័យប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនចោទពីបទ «លក្ខខណ្ឌអត្ថិភាពនៃការញុះញង់» តាមមាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីសាកសួរចម្លើយរួច កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនឈ្មោះ ភឹម ផាយផាត់ ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕