(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា អ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ ដែលរកឃើញនៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានព្យាបាលជាសះស្បើយអស់ហើយ។

លោក វ៉ា ថន បានគូសបញ្ជាក់ថា អ្នកជំងឺទី១ ឈ្មោះ ជុំ ចន្ធី ជាកម្មការិនីរោងចក្រឌីនហាន់ អាយុ ២៩ឆ្នាំ ត្រូវបានព្យាបាលជា និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។

ដោយឡែកអ្នកជំងឺពីរនាក់ទៀត ដែលជាអ្នកឆ្លងពីឈ្មោះ ជុំ ចន្ធី រួមមានឈ្មោះ យាម ដានី ភេទស្រី អាយុ ២៩ឆ្នាំ និងឈ្មោះ ស៊ីម សារ៉ុម ភេទស្រី អាយុ ៣៤ឆ្នាំ ត្រូវបានព្យាបាលជា និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកស្នួលនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

អ្នកជំងឺទាំង៣នាក់នេះ ត្រូវបានណែនាំឱ្យបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីធានាថាជំងឺរបស់គេមិនលាប់ឡើងវិញ ហើយអាចនាំឱ្យមានការឆ្លងទៅដល់អ្នកដទៃ។

ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តក្រចេះ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ខាងលើនេះ។ ក្រោយពេលរកឃើញភ្លាមៗរដ្ឋបាលខេត្ត បានចាត់វិធានការស្រាវជ្រាវរកអ្នកប៉ះពាល់ភ្លាមៗ និងណែនាំឱ្យពួកគេធ្វើចត្តាឡីស័ក ហើយបានជួយទប់ស្កាត់កុំឱ្យមានការរាលដាល។

បើទោះបីអ្នកជំងឺត្រូវបានព្យាបាលឱ្យជាអស់ហើយក្តី តែលោកអភិបាលខេត្តក្រចេះ បានអះអាងថា ខេត្តមិនបានទម្លាក់ចោលការប្រុងប្រយ័ត្ន និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជានោះឡើយ។

លោក វ៉ា ថន បានអះអាងថា រដ្ឋបាលខេត្ត និងអាជ្ញាធរនៅតាមមូលដ្ឋាន នៅតែបន្តចុះអប់រំ និងណែនាំឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍សម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ»។ ជាមួយគ្នានោះ គឺត្រូវពិនិត្យឱ្យបានដិតដល់សម្រាប់អ្នកចំណូលស្រុក ឬសាច់ញាតិពីទីឆ្ងាយ ដើម្បីបង្ការការចម្លងជំងឺ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងអស់ មិនត្រូវធ្វេសប្រហែស និងទម្លាក់ចោលការការពារជំងឺកូវីដ១៩នោះឡើយ ដោយត្រូវប្រកាន់ឱ្យខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ១៩ ដែលណែនាំដោយក្រសួងសុខាភិបាល។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ខេត្តបានរៀបចំមនុស្សប្រមាណ ២,១៦៤នាក់ ឱ្យធ្វើចត្តាឡីស័ក ដោយអ្នកខ្លះធ្វើចត្តាឡីស័កនៅផ្ទះ និងខ្លះទៀតធ្វើនៅមណ្ឌលចត្តាឡីស័ករៀបចំដោយអាជ្ញាធរ។

ក្នុងនោះ ៤៤៧នាក់ ត្រូវបានយកទៅឱ្យធ្វើចត្តាឡីស័កដែលរៀបចំដោយអាជ្ញាធរខេត្ត។ មកដល់ពេលនេះ មនុស្ស ១៧៤នាក់ បានអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័ក ហើយ ២៧៣នាក់ កំពុងស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័ក៕