(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំងកងទ័ពជើងគោក បាននិងកំពុងរៀបចំ ចាត់ចែង យកស្បៀងអាហារ ចុះទៅចែកជូនប្រជាពលរដ្ឋ និងកម្មករទីទាល់ក្រជាង១ម៉ឺនគ្រួសារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្រុមការងារ អាជ្ញាធរតាមខណ្ឌ និងកងកម្លាំងទាហាន បាននិងកំពុងដុតដៃ ដុតជើងក្នុងការដឹកជញ្ជូនស្បៀងអាហារទៅតាមដាលគោលដៅខណ្ឌនីមួយៗ ដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ខណៈដែលទីតាំងរបស់ពួកគាត់ជាកន្លែងបិទខ្ទប់
ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ខណៈដែរលោកតំណាង លោក ឃួង ស្រេង អញ្ជើញទទួលអំណោយពីលោក យុន ប៊ុនលី និងលោកស្រី ហៀវ លន់ សមាជិក សមាជិកាសមាគមកាយរឹទ្ធិនារីកម្ពុជា នៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែមេសានេះ។

អំណោយដែលប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន១៥តោន ដើម្បីយកទៅចាត់ចែងក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈ ដែលជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្តការរាលដាលឥតឈប់ឈរ។

ក្រៅពីការលើកឡើងខាងលើលោក កើត ឆែ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ជាសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ ដែលនេះជាកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា៕