(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយចំនួន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំមេដឹកនាំអាស៊ានលើកនេះ ផ្តោតការយកចិត្តទុកដាក់ ទៅលើប្រធានបទមួួយចំនួន ដូចជា ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩, កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម ដោយក្នុងនោះមានវិបត្តិភូមាផងដែរ។

តាមរយៈជើងយន្តហោះកម្ពុជាពិសេស សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជា ទៅដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៉ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយមុនចេញដំណើរ និងត្រលប់មកវិញ សម្តេចតេជោ ហ៊ុន សែន បានណែនាំមិនឱ្យមន្រ្តីរាជរដ្ឋាភិបាលជូនដំណើរសម្តេចដូចពេលកន្លងទៅទេ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ជាពិសេសក្នុងដំណើរបំពេញបេសកកម្មលើកនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ត្រូវយកសំណាកចំនួន២លើក និងអនុវត្តតាមវិធានធ្វើដំណើរឆ្លងប្រទេសរបស់ក្រសួងសុខាភិបាល។

កិច្ចប្រជុំពិសេសរបស់មេដឹកនាំប្រទេសសមាជិកអាស៊ាន បានចាប់ផ្តើមហើយនៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការរបស់អាស៊ាន រួមទាំងលោក អោង មីន ឡាំង មេដឹកនាំយោធារបស់មីយ៉ាន់ម៉ាផងដែរ។ តែនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា និងប្រធានាធិបតីហ្វីលីពិន លោក រ៉ូទ្រីហ្គោ ឌុយឌែតេ មិនបានអញ្ជើញចូលរួមនោះទេ គឺបានចាត់បញ្ជូនត្រឹមរដ្ឋមន្ត្រីក្រសួងការបរទេសចូលរួមប៉ុណ្ណោះ។

នៅក្នុងកិច្ចប្រជុំពិសេសមួយរបស់មេដឹកនាំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការរក្សាសាមគ្គីភាព និងបន្តពង្រឹងនូវតួនាទីស្នូលរបស់អាស៊ាន គឺជាចំណុចស្លាប់រស់សម្រាប់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ បើមិនអាចរក្សាបាននូវចំណុចទាំងពីរនេះទេ ការកសាងសហគមន៍អាស៊ានមិនបន្តទៅមុខបាននោះឡើយ។ សម្តេចបានបញ្ជាក់ថា ក្នុងពេលចំពោះមុខនេះដែរ អាស៊ានត្រូវតែខិតខំជំរុញ កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាព ក្នុងក្របខណ្ឌស្តារឡើងវិញ នូវទូលំទូលាយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework)។

នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលធ្វើឡើងនៅរដ្ឋធានីហ្សាកាតា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ សម្រាប់ការដោះស្រាយវិបត្តិភូមា។ សម្តេចបានបានស្នើឡើងនូវជំហានជាក់ស្តែងមួយចំនួន ពោលគឺ (១)ការបញ្ឈប់អំពើហឹង្សា និងការប្រកាន់ភាពអត់ធ្មត់បំផុតដោយគ្រប់ភាគីពាក់ព័ន្ធ (២) ការទទួលតួនាទីអាស៊ាន និងការបញ្ជូនប្រេសិតពិសេសទៅមីយ៉ាន់ម៉ា ដើម្បីជួយអន្តរាគមន៍សម្របសម្រួល និង(៣) ការអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ពីអាស៊ាន ដែលបានរួមចំណែកដល់ការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុច។ សម្តេចតេជោក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងទំនុកចិត្ត និងការប្តេជ្ញាកំរិតនយោបាយពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធ្វើសម្បទានដើម្បីសម្រុះសម្រួលការព្រួយបារម្ភរបស់ផងគ្នា និងការផ្តោតគោលបំណង ធំបំផុតទៅលើការបញ្ឈប់បង្ហូរឈាមគ្នា សន្តិភាព និងភាពសុខដុមចីរកាល។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាប្រកាន់ជំហរមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះឡើយ តែត្រៀមខ្លួនចូលរួមជាមួយអាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។

តាមរយៈជំនួបកំពូលពិសេសនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានសម្រេចនូវផ្លែផ្លាដ៏ធំធេងសម្រាប់ជម្លោះ និងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអូសបន្លាយជាងពីរខែមកហើយនោះ។ អាស៊ាន បានដាក់ចេញនូវគោលការណ៍ចំនួន៥ចំណុចសំខាន់ ឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងនោះមានដូចជា៖
ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវរួចមក នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ លោក យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីផ្លាស់ប្ដូរទស្សនៈគ្នា សំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូណេស៊ី ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងអំណរគុណគ្នាចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្ត្រីការទូត និងប្រជាជនដែលរស់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា ហើយបានយល់ស្របអំពីសារសំខាន់ពីទំនាក់ទំនងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ដោយជឿជាក់ថា ប្រទេសទាំងពីរនឹងយកជ័យជម្នះលើវិបត្តិសុខភាពនេះ ហើយនឹងរីកចម្រើនលឿនរហ័សដូចគ្នា។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយ លោក យូកូ វីដូដូ សម្តេចតេជោ ហ៊ុន សែន បានបន្តជួបជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាម។ នៅក្នុងជំនួបផ្ទាល់ជាលើកដំបូង ដែលធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សាការតា នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន និង លោក ផាម មិញជិញ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម។ មេដឹកនាំទាំងពីរបានចែករំលែកការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ នៃការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ស្ថិរភាព និងសន្តិភាព។ ក្នុងជំនួបកំពូលគ្នានេះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត ក្នុងការថែរក្សាកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ និង ឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងទៅ អនាគត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមេដឹកនាំអាស៊ាន និងជំនួបជាមួយបុគ្គលសំខាន់ៗ នៅហ្សាកាតា នៅយប់ថ្ងៃទី២៤ ខែមេសា ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ ដោយមកដល់ព្រលានយន្តហោះ នៅវេលាម៉ោង៩៖៥០យប់ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

បន្ទាប់មក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការ អំពីលទ្ធផលទាំងស្រុង នៃកិច្ចប្រជុំរបស់ មេដឹកនាំអាស៊ាន ដែលបានរៀបចំ នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ តែម្តង៕