(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមេសានេះ បានពន្យល់បន្ថែមពីសេចក្តីណែនាំរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការធ្វើតេស្តរហ័ស លើអ្នកដំណើរឆ្លងខេត្ត ដែលចេញពីតំបន់ផ្ទុះកូវីដ១៩។

តាមរយៈ Facebook, មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានពន្យល់ថា សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃ ត្រូវ៖

* យកសំណាក និងធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់ នៅរយៈពេលវែង (រយៈពេលចាប់ពី ១សប្តាហ៍ឡើងទៅ)

* យកសំណាក និងត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកធ្វើដំណើរបំពេញការងារ អ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង ១សប្តាហ៍)

លោកបញ្ជាក់ដែរថា លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្រ្តនៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្រ្តនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសេចក្ដីណែនាំថ្មីមួយ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានផ្ដល់សិទ្ធិឲ្យធ្វើតេស្ដរកជំងឺកូវីដ១៩ ចំពោះអ្នកដែលចេញពីតំបន់ផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ពេលចង់ចូលទៅតាមបណ្ដាខេត្តផ្សេងៗ ហើយអភិបាលខេត្តសាមី ជាអ្នកទទួលបន្ទុកធ្វើតេស្ដអ្នកធ្វើដំណើរទាំងអស់នោះ នៅព្រំប្រទល់ខេត្តខ្លួនតែម្ដង។

សម្រាប់ប្រជាពលរដ្ឋធម្មតាដែលចេញពីតំបន់ផ្ទុះជំងឺកូវីដ ឆ្លងកាត់ទៅតាមបណ្តាខេត្ត នឹងតម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ។ ប្រសិនបើលទ្ធផល «អវិជ្ជមាន» នឹងអនុញ្ញាតឲ្យទៅ (បានតែចំពោះអ្នកស្នាក់នៅក្រោម ៧ថ្ងៃ) ប៉ុន្តែប្រសិនបុគ្គលនោះស្នាក់នៅលើសពី ៧ថ្ងៃ នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិនទើបអនុញ្ញាតឲ្យទៅ៕