(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តបរិច្ចាគភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជា ជូនដល់កងកម្លាំងដែលកំពុងឈរយាមនៅតាមគោលដៅបិទខ្ទប់ចំនួន ៣០ទីតាំង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២១។

អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ (ភីធើរ) ដែលបានចុះមកចែកផ្ទាល់ឲ្យដឹងថាការបរិច្ចាគនេះ គឺជាផ្នែកមួយនៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដើម្បីឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធជូនដល់ស្ថាប័ននានា ដែលបំពេញកិច្ចការងារជួយដល់សង្គម។

លោកឧកញ៉ា លាង ពៅ មានប្រសាសន៍ថា៖ «ការរស់នៅក្នុងសង្គមគឺត្រូវការការជួយគ្នាទៅវិញទៅមក។ ក្នុងស្ថានភាពនៃការឆ្លងវីរុសកូវីដ-១៩ បច្ចុប្បន្នការរួបរួមសហការ គ្នាគឺត្រូវការកាន់តែខ្លាំងពីគ្រប់ស្ថាប័នទាំងអស់មិនថា ឯកជនរដ្ឋ ឬពលរដ្ឋទូទៅនោះទេ គឺដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពសម្រាប់ពួកយើងគ្រប់ៗគ្នា»។

លោកឧកញ៉ា បញ្ជាក់ទៀតថា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមជាមួយរដ្ឋាភិបាលគ្រប់កាលៈទេសៈតាមរយៈការឧបត្ថម្ភផ្សេងៗ។

ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរគូដូភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ៕