(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានលក់ស្បៀងជូនប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម បានអង្ករ ១១៥៨ប៉ាវ, មី ៣០២១កេស, ត្រីខ ២៣១៤យួរ, ទឹកត្រី ៨៦៦យួរ, ទឹកស៉ីអ៉ីវ ៧៣៤យួរ, ទឹកបរិសុទ្ធ ១៣៤យួរ, ឆៃប៉ូវ ៦០២ថង់ (១ថង់២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ។

ក្រសួងពាណិជ្ជកម្មចាត់ទុកថា សកម្មភាពការងារលក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់ខ្លួន ក្នុងកំឡុងពេលបិទខ្ទប់នេះ ពិតជាមានសារៈសំខាន់ ក្នុងការជួយទប់ស្កាត់នូវការឡើងថ្លៃទំនិញហួសហេតុ ក្នុងគ្រាលំបាក និងធានាបាននូវនិរន្តរភាព នៃការផ្គត់ផ្គង់ស្បៀងអាហារ ជូនប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់ក្រហម។

ក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពនេះ រហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីត បានស្រាកស្រាន៕