(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរាត្រីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារមួយទៅកាន់ប្រជាពលរដ្ឋ ពាក់ព័ន្ធការការពារពីជំងឺកូវីដ១៩ និងការជួយសង្គ្រោះអាយុជីវិតរបស់មនុស្សពីការវាយប្រហារ ដោយសារជំងឺដ៏កាចសាហាវមួយនេះ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោកស្រី ឱ វណ្ណឌីន៖

«ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា អាចត្រូវបានការពារ និងអាចជួយសង្គ្រោះអាយុជីវិត ពីការវាយប្រហារពីវីរុសកូវីដ១៩។

ខ្ញុំសូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញរួចហើយ។ សុខភាពរបស់លោកអ្នក មានសារៈសំខាន់ជាងអ្វីៗទាំងអស់ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដោយចាប់ផ្តើមធ្វើសកម្មភាព ចេញពីបុគ្គលម្នាក់ៗ និងរួមសាមគ្គីគ្នាធ្វើសកម្មភាពឆ្លើយតបពីឥឡូវនេះ។

ការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាជម្រើសមួយរួមជាមួយជម្រើសដទៃទៀតរបស់លោកអ្នក ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩ ដែលអាចការពារលោកអ្នក បានហើយដែលតម្រូវឲ្យបុគ្គល និងប្រជាជន ចាំបាច់មានវិន័យត្រឹមត្រូវ និងការយល់ដឹងចាំបាច់ ខណៈពេលដែលកំពុងស្វែងរក សេវាកម្មចាក់វ៉ាក់សាំង នៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងការអនុវត្តន៍ឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំ។

នៅផ្ទះ គឺជាជម្រើសដ៏ល្អមួយសម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់ គឺជាវិធានការបណ្តោះអាសន្ន ប៉ុណ្ណោះដែលមានពេលកំណត់ មិនមែនជាការចាក់សោរជារៀងរហូត ដែលមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ។ វាជាការចាំបាច់ណាស់ ដែលយើងត្រូវរៀបចំទុកជាមុន មុននឹងពេលដើរចេញ ពីវិធានការបិទខ្ទប់ បើមិនដូច្នោះទេការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត នឹងអាចកើតឡើង ហើយអាចមានគ្រោះថ្នាក់ខ្លាំង ជាងនាពេលនេះទៅទៀត ព្រោះនៅពេលនោះមនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ និងអស់ថាមពលទៅហើយ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ នៅពេលដែលកម្លាំងយើង មិនទាំងទាន់បានស្រាកស្រាន្តផងនោះ ឬអាចនិយាយបានថា អស់ថ្ម តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង តើនឹងក្លាយទៅជាយ៉ាងណា?

ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លង ដែលជានិន្នាការចម្លងមួយដែលអាចកើតមានជាបន្តបន្ទាប់ ប្រសិនបើបុគ្គលម្នាក់ៗ និងសហគមន៍ មិនធ្វើសកម្មភាពជាមួយគ្នា ជួយគ្នា ដើម្បីការពារការផ្ទុះឡើងនូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ បន្ទាប់ពីការដើរចេញពីវិធានការ បិទខ្ទប់នាពេលខាងមុខ (ទោះជាការដើរចេញនូវវិធានការបិទខ្ទប់អាចកើតមាន ក្នុងពេលឆាប់ ឬយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ តែខ្ញុំត្រូវតែបង្ហាញជាមុន ដើម្បីជូនដល់លោកអ្នកមានការប្រុងប្រយ័ត្នលើចំណុចនេះទាំងអស់គ្នា។

បុគ្គលគ្រប់រូបអាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩បាន ប្រសិនបើមនុស្សគ្រប់គ្នាអាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួន បានទាន់ពេល និងបានលឿនជាង ការវាយលុករបស់វីរុសកូវីដ-១៩ ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតា តាមបែបគន្លងថ្មី។ រាល់ទីតាំងដែលបិទជិត ឬជាកន្លែងប្រមូលផ្តុំមនុស្សច្រើន ដូចជាហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន រោងកុន ទីផ្សារ និងរោងចក្រ-សហគ្រាសជាដើម ម្ចាស់ទីតាំង និងអតិថិជន ត្រូវតែគោរព និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការណ៍បង្ការជំងឺ ដែលណែនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ លាងដៃឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី១,៥ ម៉ែត្រឡើងជាដើម។

ប្រសិនបើយើងមិនចង់វិលត្រឡប់ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ បុគ្គលម្នាក់ៗត្រូវរៀនសូត្រសម្រាប់ការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នក ទៅរកស្ថានភាពធម្មតាតែមានការប្រុងប្រយ័ត្ន ការពារដូចបានរៀបរាប់ខាងលើ។ ខ្ញុំសូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពពីការចម្លង ជំងឺកូវីដ-១៩។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំងស់ ដែលបានចូលរួមសហការគ្នាដើម្បីប្រយុទ្ធ ជាមួយសត្រូវអត់សម្រោលកូវីដ-១៩នេះ។

បំណងល្អពីលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)៕