(កណ្ដាល)៖ អាជ្ញាធរស្រុកកៀនស្វាយ នៅយប់ថ្ងៃទី ២៥ ខែមេសានេះ បានធ្វើការហ៊ុព័ទ្ធភូមិរទាំង ឃុំភូមិធំ នៅម្ដុំប្លុកជាមួយគ្នាជាប់ផ្ទះគ្នាប្រមាណ១០ខ្នងផ្ទះ មិនឲ្យមានការចេញ-ចូលជាដាច់ខាត ក្រោយរកឃើញអ្នកកើតកូវីដចំនួន១០នាក់។

រីឯភូមិមួយទៀតនៅជាប់គ្នានេះដែរ គឺភូមិស្លាបតាអោន ឃុំគគីរ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២នាក់ ដូច្នេះយប់នេះសំរាប់ស្រុកកៀនស្វាយ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១២នាក់។

នេះបើតាមមន្ត្រីម្នាក់បានប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលនាយប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១នេះ។

ប្រភពបន្តថា រដ្ឋបាលស្រុកកៀនស្វាយបានសម្រេចបិទមួយប្លុកក្នុងភូមិរទាំងនៅយប់នេះ ដើម្បីការពារកុំឲ្យមានការចេញ-ចូលតំបន់ក្ដៅនេះ ពិសេសការពារមិនឲ្យឆ្លងកូវីដទៅកាន់អ្នកដទៃផ្សេងទៀត ។

ប្រភពបន្តថា អ្នកឆ្លងកូវីដទាំង១២នាក់នេះបសុទ្ធសឹងតែពាក់ព័ន្ធជាមួយអាជីវករផ្សារដើមគរ ផ្សារនាគមាស ផ្សារជម្ពូរ័ន្ត និងអ្នកបោះដកុំបន្លែ ដែលមានផ្ទុកវិជ្ជមានកូវីដ១៩ ។

ទោះយ៉ាងណា អាជ្ញាធរបានរាំងខ្ទប់ប្លុកនេះមួយរយ:សិន ព្រោះថាទទួលដំណឹងភ្លាមៗពេក ហើយដើម្បីប្រាកដប្រជាថាគ្មានការរីករាលដាលបន្តទៀត អាជ្ញាធរក៍សុំរឹចបិទប្លុកនេះមួយយប់សិនរង់ចាំស្អែក ទើបរៀបចំឲ្យបានល្អ ៕