Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: មនុស្ស៤៨នាក់ ពាក់ព័ន្ធនឹងអ្នកកើតកូវីដ ២នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាប្ដីប្រពន្ធលក់ដូរនៅផ្សារដើមគរ រាជធានីភ្នំពេញ តេស្តលើកទី១ «អវិជ្ជមាន»

25-04-2021 18:17

(កំពង់ឆ្នាំង)៖ មនុស្ស៤៨នាក់ បានពាក់ព័ន្ធនឹងអ្នកកើតកូវីដ ២នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាប្ដីប្រពន្ធលក់ដូរនៅផ្សារដើមគរ រាជធានីភ្នំពេញ និងបានទទួលលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន»។ នេះបើតាមអធិការនគរបាលស្រុកកំពង់ត្រឡាច ស្រង់ប្រភពពីលោកវេជ្ជបណ្ឌិត លឹម ឃុន ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិកំពង់ត្រឡាច ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែមេសានេះ

អ្នកទាំងពីរ មានឈ្មោះ យ៉ែម រិទ្ធ ជាប្តី អាយុ ៤៦ឆ្នាំ និងឈ្មោះ កេត សុម៉ាលី ជាប្រពន្ធ អាយុ ៣៩ឆ្នាំ ដែលត្រូវបានក្រសួងសុខាភិបាល ប្រកាសថា វិជ្ជមានកូវីដ១៩ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមេសានេះ។ ពួកគេ មានទីលំនៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងបន្ថែមថា អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ខាងលើ រកឃើញតាំងពីល្ងាចថ្ងៃទី២៤ ខែមេសានោះ។ ពួកគាត់ គឺជាប្ដីប្រពន្ធនឹងគ្នា មានកូន២នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពីរនាក់ប្ដីប្រពន្ធនេះ មានមុខរបរលក់ត្រីនៅផ្សារដើមគរ រាជធានីភ្នំពេញ ដោយពួកគាត់បានក្រោកតាំងពីម៉ោង ៣៖០០ នាទីទៀបភ្លឺ ជិះម៉ូតូឌុបគ្នាទៅចាំលក់ត្រី ដែលរថយន្តដឹកចេញពីខេត្តកំពង់ឆ្នាំង យកមកលក់នៅផ្សារដើមគរជារៀងរាល់ថ្ងៃ។

ប៉ុន្តែពួកគាត់បានឈប់ទៅលក់ត្រីតាំងពីថ្ងៃទី១២ ខែមេសា ដោយសារតែនៅផ្សារដើមគរ មានផ្ទុះជំងឺកូវីដ-១៩ ហើយក្រោយមកមានការសង្ស័យទៅលើស្ត្រីជាប្រពន្ធ ដែលមានអាការក្អកផ្តាសាយ និងឈឺបំពង់កផងនោះ ពួកគាត់ក៏បាននាំគ្នាមកយកសំណាកធ្វើតេស្ត នៅថ្ងៃទី២២ ខែមេសា ដោយទទួលបានលទ្ធផលវិជ្ជមានទាំងពីរនាក់ នៅល្ងាចថ្ងៃទី២៤ ខែមេសាតែម្តង។ បច្ចុប្បន្ន ពួកគាត់ទាំងពីរនាក់ ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕