Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនមនុស្ស៦នាក់ ដែលបំពានបម្រាម ផ្ដុំគ្នាផឹកស៊ីទាំងកណ្ដាលភ្លៀង នៅក្រុងតាខ្មៅ

25-04-2021 17:24

(កណ្ដាល)៖ លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅល្ងាចថ្ងៃទី២៥ ខែមេសានេះថា មនុស្សទាំង៦នាក់ដែលបំពានបម្រាម ដោយផ្ដុំគ្នាផឹកស៊ីទាំងកណ្ដាលភ្លៀងធ្លាក់ ត្រូវបានចៅក្រមស៉ើបសួរលោក វណ្ណ សុបញ្ញា សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន។

លោក ទិន សុចិត្រា ថ្លែងបន្តថា ពួកគាត់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់តាមមាត្រា ៤ និងមាត្រា ១០ នៃច្បាប់កូវីដ។ សុំណុំរឿងនេះគឺចាត់ការតាមដីការសន្និដ្ឋានបញ្ជូនរឿងទៅចៅក្រមស៉ើបសួរ ដោយមិនទាន់ជម្រះនៅឡើយទេ ដោយបើកការស៉ើបសួរសិន។

គួរជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា មានមនុស្ស ៦នាក់ កំពុងផឹកស៊ីនៅចំណុចផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ភ្លាមនោះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយលោក ទូច អ៉ីណាន មេបញ្ជាការរងខេត្តកណ្តាល ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនមនុស្សប្រុសស្រី ៦នាក់ ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដោយប្រមូលម្តុំគ្នាផឹកស៊ី ទូលឆ័ត្រ ទាំងកំពុងភ្លៀងខ្លាំង និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដោយបញ្ជូនទៅតុលាការ៕