(ពោធិ៍សាត់)៖ ខួបអនុស្សាវរីយ៍លើកទី១០៥ ទិវានារីអន្តរជាតិ ០៨មីនា ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិទ្យាល័យអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោកស្រី ជា ខេង ព្រមទាំងមានការចូលរួមដោយលោកប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ព្រមទាំងបងប្អូននារីទូទាំងស្រុកបាកានប្រមាណ ៥,០០០នាក់ ។
អង្គពិធីប្រព្រឹត្តទៅដោយមានការចាក់ផ្សាយនូវព្រះរាជសារ សម្តេចព្រះមហាក្សត្រី វររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និងការអាននូវប្រវត្តិទិវានារីអន្តរជាតិ ៨ មីនា មតិសំណេះសំណាលរបស់លោករដ្ឋមន្រ្តី ការសម្តែងរបាំប្រពៃណី ការលេងល្បែងអប់រំកំសាន្ត និងការចាប់ឆ្នោតរង្វាន់រួមមាន ឆ្នាំងដាំបាយអគ្គិសនី ៣៥រង្វាន់, កំសៀវដាំទឹកអគ្គិសនី ២០រង្វាន់, កង្ហា ៣០រង្វាន់, កង់ ១០រង្វាន់, ទូរស័ព្ទដៃ Samsung ៣រង្វាន់ និងទូរទស្សន៍ LED ៣២អ៉ិញ ២រង្វាន់ ក្រោមបរិយាកាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕