(កំពង់ឆ្នាំង)៖ មនុស្ស១១៧នាក់ ដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយស្រី្ត៤នាក់ ជាអាជីវករលក់មាសនៅក្នុងផ្សារសាលាលេខ៥ ដែលកើតជំងឺកូវីដ១៩ ត្រូវបានយកសំណាកធ្វើតេស្តភ្លាមៗ តាមរយៈឧបករណ៍តេស្តរហ័ស (Rapid Test) នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ដោយទទួលបានលទ្ធផល «អវិជ្ជមាន»។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីដឹងថា ស្ត្រី៤នាក់ ជាអាជីវករលក់មាសក្នុងផ្សារសាលាលេខ៥ វិជ្ជមានកូវីដ-១៩ ក្រុមការងារ នៃមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរ បានស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ជាមួយស្ត្រីទាំង ៤នាក់ខាងលើ ដើម្បីមកពិនិត្យសំណាក។ ក្នុងនោះដែរ ក្រុមការងារបានរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ ចំនួន១១៧នាក់ យកមកវិភាគសំណាក នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅផ្ទះសំណាក់ឈ្មោះ ម៉ី ណារិន។

អ្នកពាក់ព័ន្ធទាំង១១៧នាក់ បន្ទាប់ពីពិនិត្យសំណាកតាមឧបករណ៍ថ្មី បញ្ជាក់លើកទី១ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ បច្ចុប្បន្នអ្នកទាំង ១១៧នាក់ បានអនុញ្ញាតឱ្យពួកគាត់ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយ មានការឃ្លាំមើល និងការពារពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានយ៉ាងតឹងរ៉ឹងជាទីបំផុត ដោយមិនអនុញ្ញាតឲ្យពួកគាត់ដើរចេញពីផ្ទះ ខណៈពេលកំពុងធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះឡើយ។

លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុកកំពង់ត្រឡាច បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រធានមន្ទីរសុខាភិបាលខេត្ត មានស្ត្រី៤នាក់ជាអាជីវករលក់មាសនៅក្នុងផ្សារសាលាលេខ៥ វិជ្ជមានវីដ-១៩ និងទទួលបានការណែនាំ លោកអភិបាលខេត្ត លោកក៏បានចុះប្រកាសជូនដំណឹងដល់ពលរដ្ឋ និងអាជីវករនៅក្នុងផ្សារទាំងយប់។ លោកក៏បានបិទផ្សារទាំងស្រុងជាបណ្ដោះ អាសន្ន នៅព្រឹកម៉ោង ៦៖០០នាទី ព្រឹកថ្ងៃទី២៤ ខែមេសានេះ ដោយមិនអនុញ្ញាតឲ្យមានការចេញចូលចាប់ពីពេល នេះរហូតមានការជូនដំណឹងជាថ្មី។

ក្នុងឱកាសនេះដែរ លោកអភិបាលស្រុក ក៏បានអំពាវនាវអាជីវករលក់ដូរក្នុងផ្សារ និងប្រជាពលរដ្ឋដែលបានប៉ះពាល់ជាមួយស្ត្រីទាំង ៤នាក់ខាងលើនេះ ទាំងផ្ទាល់ ឬដោយប្រយោល ស្ម័គ្រចិត្តដោយខ្លួនឯង មកយកសំណាកពិនិត្យមេរោគ ចៀសវាងការចម្លងដល់ក្រុមគ្រួសារ ក៏ដូចជាចម្លងចូលក្នុងសហគមន៍។

សូមជម្រាបថា ស្ត្រីទាំង៤នាក់ ជាអាជីវករលក់មាស ក្នុងផ្សារសាលាលេខ៥ ដែលរកឃើញកើតជំងឺកូវីដនេះ រួមមាន៖ ទី១៖ ឈ្មោះ ផេង ម៉ាលីស អាយុ៤៧ឆ្នាំ, ទី២៖ឈ្មោះ សូត្រ ស្រីពៅ អាយុ៣០ឆ្នាំ, ទី៣៖ឈ្មោះ ភុំ រតនា អាយុ១៦ឆ្នាំ និងទី៤៖ឈ្មោះ សំរិទ្ធ សៀវម៉ី អាយុ២៧ឆ្នាំ ពួកគាត់មានទីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕