(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានរៀបចំទីតាំងចំនួន៣ នៅតំបន់ក្រហម ក្នុងខណ្ឌទាំង៣ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនដល់អ្នកដែលចាក់ដូសទី១ ហើយជាប់ការបិទខ្ទប់។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានរៀបចំបន្ថែមទីតាំងមួយចំនួនសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនអ្នករស់នៅក្នុងតំបន់ក្រហម ដោយមិនអនុញ្ញាតឱ្យឆ្លងខណ្ឌនោះទេ។

លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សម្រាប់តំបន់ក្រហម នៅខណ្ឌទួលគោក ដោយបានរៀបចំនៅសាលាបឋមសិក្សាបឹងសាឡាង, ទី២៖ នៅខណ្ឌពោធិ៍សែនជ័យ មានទីតាំងនៅស្តុបទួលពង្រ សង្កាត់ចោមចៅទី១ ដែលសហការរៀបចំដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងទី៣៖ ខណ្ឌមានជ័យ គឺបានរៀបចំនៅសាលាបឋមសិក្សាភូមិឬស្សី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ដែលសហការរៀបចំដោយរដ្ឋបាលខណ្ឌមានជ័យ អញ្ចឹងទីតាំង ៣កន្លែងនេះ សម្រាប់សម្រួលដល់បងប្អូនយើងអាចអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២បាន»

ក្រៅពីតំបន់ក្រហម គ.ប.ប ១៩ ក៏បានបន្ថែមទីតាំងចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ដល់ទីតាំងផ្សេងៗទៀតផងដែរ ដើម្បីបង្កើនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ឱ្យកាន់តែមានល្បឿនលឿនផងដែរ។

លោកស្រីបានគូសបញ្ជាក់ថា៖ «វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំងស៊ីណូហ្វាម គឺយើងមានគ្រប់គ្រាន់ សម្រាប់ចាក់ជូនបងប្អូនដែលមានតម្រូវការចាក់ដូសទី២ អញ្ចឹងបងប្អូនកុំភ័យឱ្យសោះ ទោះបីនៅក្នុងតារាងយើងបានបញ្ជាក់ថាចប់ត្រឹមថ្ងៃទី៣ ខែឧសភា ក៏ពិតមែន ក៏ប៉ុន្តែ នៅពេលនោះបងប្អូនមានតម្រូវការជាក់ស្តែងពិតប្រាកដថាត្រូវចាក់ដូសទី២ ហើយ គ.ប.ក ១៩ នឹងអាចពន្យាពេលដាក់ក្រុមការងារឱ្យនៅបន្តទៀត ដើម្បីផ្តល់សេវាចាក់វ៉ាក់សាំងទាល់តែគ្រប់គ្នាអ្នកដែលមានតម្រូវការចាក់ដូសទី២ ហ្នឹងតែម្តង»

លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវយ៉ាងទទូចដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ ទាំងអស់ដែលនៅគ្រប់ខណ្ឌ ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ សូមអនុវត្តឱ្យបានត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពេលវេលាចាក់វ៉ាក់សាំងវិញ សូមកុំមានការព្រួយបារម្ភអស់វ៉ាក់សាំង ដូច្នេះ សូមអ្នកដែលត្រូវចាក់ ត្រូវអនុវត្តតាមពេលវេលាដែលគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានដាក់ចេញ។

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើបងប្អូនមិនស្តាប់ពីបញ្ហានេះ បែរទៅមកទទួលការចាក់វ៉ាក់សាំងខុសថ្ងៃកំណត់ បែរជាបង្កឱ្យមានការកកកុញ ដែលវាបង្កឱ្យមានហានិភ័យខ្ពស់សម្រាប់ចម្លងជំងឺកូវីដ-១៩ ទៅវិញទេ ដូច្នេះ ប្រយ័ត្នមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ផងបែរជាឆ្លងជំងឺកូវីដ-១៩ ទៅវិញ។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ទន្ទឹមនឹងទទួលបានការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ លើកទី២ ក៏ប៉ុន្តែ ត្រូវតែបន្តការពារខ្លួនយើងកុំឱ្យមានការចម្លងនូវវីរុសកូវីដ-១៩ ដោយអនុវត្តឱ្យបានប្រយ័ត្នបំផុតនូវវិធានការ «៣ការពារ និង៣កុំ» ជាដើម។

ទោះជាយ៉ាងនេះក្តី លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវផងដែរដល់បុគ្គលដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ អនុវត្តឱ្យបានត្រឹមត្រូវ ក្នុងការធ្វើចត្តាឡីស័កឱ្យបាន១៤ថ្ងៃ ហើយមិនត្រូវចេញក្រៅនោះឡើយ។ ការចេញក្រៅ ឬចល័តរបស់អ្នកធ្វើចត្តាឡីស័ក អាចបង្កជាហានិភ័យ ប្រសិនបើរូបគាត់ ត្រូវបានឆ្លងកូវីដ-១៩ ដែលអាចដឹងនៅពេលធ្វើតេស្តម្តងទៀត៕