(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាបន្ទាន់មួយឲ្យដឹងថា សម្រាប់គ្រួសារប្រជាពលរដ្ឋនៅ «តំបន់ក្រហម» ដែលទីតាំងនោះមិនទាន់មានករណីវិជ្ជមានជំងឺកូវីដី១៩ សូមបន្តស្នាក់នៅក្នុងលំនៅឋាន ឬទីសំណាក់របស់ខ្លួន ដោយមិនចាំបាច់ចេញទៅយកសំណាកឡើយ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងខាងលើនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះគ្រួសារប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាពនៃ «តំបន់ក្រហម» ដែលទីតាំងនោះមិនទាន់មានករណីវិជ្ជមានជំងឺកូវីដី-១៩ សូមបន្តស្នាក់នៅក្នុងលំនៅឋាន ឬទីសំណាក់របស់ខ្លួន ដោយមិនចាំបាច់ចេញទៅយកសំណាកឡើយ»

ការសម្រេចនេះធ្វើឡើង បន្ទាប់ពីមានសំណើ និងសំណូមពរពីប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូរីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ «តំបន់ក្រហម» នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានបន្ថែមទីតាំងយកសំណាក និងគោលការណ៍ប្រមូលសំណាកតេស្តរកមេរោគកូវីដ១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅភូមិសាស្ត្រ «តំបន់ក្រហម» ដោយបញ្ជាក់ ៥ចំណុចរួមមាន៖

១៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្ថែមទីតាំងយកសំណាកមួយចំនួនទៀត ដោយពិនិត្យលើស្ថានភាពជាក់ស្តែង ជាតំបន់ប្រជុំជន ឬតាមភូមិនៃសង្កាត់ ក្នុងភូមិសាស្ត្រ «តំបន់ក្រហម» ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅយកសំណាករបស់ប្រជាពលរដ្ឋ។

២៖ គោលការណ៍ប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ក្នុងភូមិសាស្ត្រ «តំបន់ក្រហម» គឺត្រូវបានអនុវត្តតែចំពោះក្រុមបុគ្គលទាំងឡាយណាដែល៖ (១) អ្នកធ្លាប់ប៉ះពាល់ផ្ទាល់ ឬដោយប្រយោលីជាមួយអ្នកជំងឺកូវីដ-១៩ (២) អ្នកកំពុងស្នាក់នៅតំបន់ប្រមូលផ្ដុំ ដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ និង (៣) អ្នកដែលមានអាការៈក្តៅខ្លួន ក្អក-កណ្តាស់ ពិបាកដកដង្ហើម ឬសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ-១៩។

៣៖ ចំពោះប្រជាពលរដ្ឋជាមនុស្សចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន ទារក ជនពិការ និងអ្នកមានជំងឺប្រចាំកាយ ដែលត្រូវទៅយកសំណាកដូចក្នុងចំណុចទី២ខាងលើ សូមផ្តល់ព័ត៌មានមកអាជ្ញាធរភូមិ-សង្កាត់ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែងក្រុមការងារចុះទៅយកសំណាកនៅទីតាំងជិតលំនៅឋានបំផុត ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់។

៤៖ ចំពោះគ្រួសារប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាពនៃ «តំបន់ក្រហម» ដែលទីតាំងនោះមិនទាន់មានករណីវិជ្ជមានជំងឺកូវីដី-១៩ សូមបន្តស្នាក់នៅក្នុងលំនៅឋាន ឬទីសំណាក់របស់ខ្លួន ដោយមិនចាំបាច់ចេញទៅយកសំណាកឡើយ។

៥៖ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹក និងអំពាវនាវសារជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋ ដែលត្រូវទៅយកសំណាក ឬទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវ រក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ៣ ការពារ និង ៣ កុំ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅរាជធានីភ្នំពេញ ឱ្យបានឆាប់នាពេលខាងមុខនេះ៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia