(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥១១នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៥១១នាក់ ក្នុងនោះមាន២នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ៥០៩នាក់ផ្សេងទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ៣១៨នាក់, ខេត្តបន្ទាយមានជ័យ ៤នាក់, ខេត្តកំពង់ឆ្នាំង ៤នាក់, ខេត្តកំពង់ធំ ២នាក់, ខេត្តស្វាយរៀង ២នាក់ (ស្លាប់១នាក់), ខេត្តតាកែវ ២នាក់, ខេត្តត្បូងឃ្មុំ ២នាក់, ខេត្តកំពង់ចាម ៥នាក់, ខេត្តកណ្តាល ៤៤នាក់ និងខេត្តព្រះសីហនុ ១២៦នាក់។

សម្រាប់អ្នកជាសះស្បើយទាំង៦២នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩ ៣៥៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៨៨១០នាក់, អ្នកជាសះស្បើយចំនួន ៣២១០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៧២នាក់, អ្នកស្លាប់ចំនួន ៧១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៦នាក់៕