(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងឈប់ធ្វើពិធីចែកអំណោយទៀតហើយ តែអាជ្ញាធរនឹងនាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ទៅដល់មុខផ្ទះតែម្តង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះកាន់តែរីករាលដាលធំឡើងៗ គួរឱ្យព្រួយបារម្ភណ៍។

ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងឱកាសដែលលោកនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតជាង៨០០គ្រួសារ នៅខណ្ឌដូនពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ លែងធ្វើពិធីចែកអំណោយទៀតហើយ ពោលគឺអាជ្ញាធររបស់យើងនឹងនាំយកអំណោយនេះ ទៅជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាតដល់មុខផ្ទះតែម្តង»។ ក្នុងឱកាសនោះ លោក ឃួង ស្រេង បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់គ្នាអត់ធ្មត់យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ–១៩ទាំងអស់គ្នា ខណៈដែលរដ្ឋាភិបាលបិទខ្ទប់ភូមិដ្ឋាន២សប្តាហ៍នេះ។

លោកបានបន្តថា បើបងប្អូនចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានល្អប្រសើរជុំវិញការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ រហូតកាត់ផ្ដាច់ជំងឺកូវីដ១៩ បាននោះ រដ្ឋាភិបាលនឹងបើកក្រុងឡើងវិញបានឆាប់រហ័សផងដែរ។

អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ក៏បានបង្ហាញនូវទឹកចិត្តយកចិត្តទុកដាក់ និងផ្ដាំផ្ញើសុំឲ្យពលរដ្ឋ ជាពិសេសគឺអ្នកទទួលជំនួយទាំងអស់ ឲ្យខំរក្សាឲ្យបាននូវអនាម័យក្នុងការរស់នៅ។ អ្នកឧកញ៉ាក៏បានបញ្ជាក់ថា តាមរយៈវិធានការបិទខ្ទប់នៅក្នុងពេលនេះ ដ្បិតថាបានធ្វើអោយប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាបលរដ្ឋ នៅក្នុងពេលនេះ ក៏ពិតមែន តែមិនយូរនោះទេ គឺនឹងធ្វើឲ្យកម្ពុជារួចផុតពីជម្ងឺដ៏កាចសាហាវនេះផងដែរ។

អ្នកឧកញ៉ាទ្រី ភាព ក៏បានប្រកាសថា ជំនួយជាបន្តក៏នឹងត្រូវប្រគល់ជូនដល់ពលរដ្ឋរងគ្រោះផ្សេងទៀតផងដែរក្នុងពេលបន្តបន្ទាប់។ គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនៅខណ្ឌដូនពេញនេះមានចំនួន៨១៧គ្រួសារ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន៣ គឺសង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់ និងសង្កាត់ផ្សារថ្មីទី២ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី១កេស និងត្រីខ ១យួរ ផងដែរ៕