(កំពង់ចាម)៖ កងកម្លាំងសមត្ថកិច្ចដែលប្រចាំការគោលដៅគល់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ព្រំប្រទល់ខេត្តកំពង់ចាម ជាមួយខេត្តត្បួងឃ្មុំ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ទទួលបានអំណោយជាថវិកាមួយចំនួនពីសប្បុរសជន នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចែកចាយជូនកងកម្លាំង ដែលកំពុងប្រចាំការនៅគោលដៅនេះ ក្នុងការអនុវត្តសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។

សប្បុរសជន គឺលោកស្រី ឈាង ស្រីនាថ ភរិយាលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលពង្រឹងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានមកសួរសុខទុក្ខកងកម្លាំងឈរជើងនៅគល់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបានឧបត្ថម្ភថវិកា ចំនួន១,០០០,០០០រៀល សម្រាប់កម្លាំងឈរជើង៥គោលដៅ ដោយក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន ២០០,០០០រៀល។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។

ក្រោយទទួលបានសេចក្ដីសម្រេចនេះ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនីមួយៗ បានបញ្ចេញកងកម្លាំងទៅតាមព្រំប្រទល់ខេត្តនីមួយៗ ដើម្បីអនុវត្តនូវសេចក្ដីសម្រេចបិទការធ្វើដំណើរដោយមិនចាំបាច់ ក្នុងរយៈពេល១៤ថ្ងៃនេះ៕