(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន បានបន្តដឹកបន្លែស្រស់ៗ ត្រីខកំប៉ុង និងមីកញ្ចប់តាមរថយន្ត ចុះចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ការចុះចែកអំណោយជូនប្រជាពលរដ្ឋ តាមរថយន្តនាពេលនេះ គឺមានការចូលរួមពីលោកស្រី គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលមានចូលរួមពីលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានឲ្យដឹងថា ការចុះចែកអំណោយជាលើកទី៣ ដោយធ្វើដំណើរជិះរថយន្តក្នុងការចុះចែកតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើចត្តាឡីស័ក ក្នុងអូឡាំពិក។ ក្នុងនោះដែរ លោកអភិបាលខណ្ឌបឹងកេងកង សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលនូវអំណោយសប្បុរសធម៌ ត្រូវពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួច សូមចូលផ្ទះវិញរៀងៗខ្លួន៕