(ភ្នំពេញ)៖ អំណោយជាអង្ករចំនួន១០តោន និងទឹកសុទ្ធឱរ៉ាល់២០០កេស ត្រូវបានអាជីវកនាំទំនិញចេញ-ចូលមាត់ច្រក អន្តរជាតិត្រពាំងផ្លុង យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបាន និងកំពុងរីករាលដាលខ្លាំង។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោក កែ ពន្លក នាយករងរដ្ឋបាលរាជធានីភ្នំពេញ និងលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង និងលោកសី លៀប ណាលីន។

លោក កែ ពន្លក បានលើកឡើងថា ក្នុងនាមលោកតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក អ៊ួន សុវណ្ណារ៉ា ដែលបានជួយឧបត្ថម្ភជាអង្ករ និងទឹកបរិសុទ្ធខាងលើនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់លោក អ៊ួន សុវណ្ណារ៉ា ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា៕