(ភ្នំពេញ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ត្រូវបានតំណាងលោកឧត្ដមសេនីយ៍ ហ៊ុន ម៉ានិត និងលោកស្រី ឌី សុខខីទីឃាយុកោ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលខ្លាំង ដែលអ្នកឆ្លងរហូតដល់រាប់ពាន់នាក់ និងមានអ្នកស្លាប់ជាបន្តបន្ទាប់។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

អំណោយដែលប្រគល់ជូននេះ មានអង្ករ២០តោន ម៉ាសចំនួន៥ម៉ឺនម៉ាស អាកុល៦០០លីត្រ ដបបាញ់អាកុល១២០០ដប ប្រេងឆា៩៥កេស ទឹកស៊ីអ៊ីវ១០០០យួរ ទឹកបរិសុទ្ធ១០០០យួរ មីខ្លាឃ្មុំ២០០កេស និងត្រីខកំប៉ុង ចំនួន៥០កេស។

លោក កើត ឆែ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្ដមសេនីយ៍ ហ៊ុន ម៉ានិត និងលោកស្រី ឌី សុខខីទីឃាយុកោ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ទាំងនេះ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ។

លោកបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ នឹងត្រូវបានចងចាំដោយរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕