(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន ២៥០០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងបិទខ្ទប់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្មវិធីនេះអមដំណើរដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។ ក្នុងឱកាសនេះដែរ លោកប្រធាន បានលើកឡើងថា អំណោយទាំងនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូ, មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ ផងដែរ។

លោកបានបន្តទៀតថា សម្ដេចបានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលសំរាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ។

ទន្ទឹមនឹងនេះ លោកសូមប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កបានគ្រប់ចំនួនថ្ងៃ ដែលក្រសួង សុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ផងដែរ។

ជាមួយគ្នានេះដែរ លោកប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន និងចូលរួម អនុវត្តនូវសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីសម្រេច បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់ទេ កុំចេញពីផ្ទះ៕