(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការរក្សាសាមគ្គីភាព និងបន្តពង្រឹងនូវតួនាទីស្នូលរបស់អាស៊ាន គឺជាចំណុចស្លាប់រស់សម្រាប់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ បើមិនអាចរក្សាបាននូវចំណុចទាំងពីរនេះទេ ការកសាងសហគមន៍អាស៊ានមិនបន្តទៅមុខបាននោះឡើយ។

ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសមួយរបស់មេដឹកនាំកំពូលអាស៊ាន ដែលបានរៀបចំឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។ ក្នុងកិច្ចប្រជុំដែលជាជំនួបដោយផ្ទាល់ជាលើកដំបូងរបស់មេដឹកនាំអាស៊ានតាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ មេដឹកនាំអាស៊ានបានពិភាក្សាផ្តោតជាសំខាន់ ទៅលើការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទៅមុខ ក្នុងកិច្ចប្រឹងប្រែងរៀបចំផែនទីបង្ហាញផ្លូវអនុវត្តការងារ និងការដាក់ចេញនូវលក្ខខណ្ឌប្រតិបត្តិ សម្រាប់ការចាត់តាំងក្រុមការងារជាន់ខ្ពស់ ដើម្បីរៀបចំទស្សនវិស័យ សមាគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ខណ:អាស៊ានបន្តខិតខំអនុវត្តឲ្យបានពេញលេញនូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ទោះបីមានបញ្ហាកូវីដ-១៩។

ពាក់ព័ន្ធការរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់វិញ សម្តេចតេជោ បានគូសរំលេចថា ការរក្សាសាមគ្គីភាព នឹងបន្តពង្រឹងតួនាទីស្នូលរបស់អាស៊ាន មានសារ:សំខាន់ស្លាប់រស់។ ពុំនោះទេការកសាងសហគមន៍អាស៊ាន មិនអាចបន្តទៅមុខបានឡើយ។ ក្នុងពេលចំពោះមុខនេះដែរ អាស៊ានត្រូវតែខិតខំជំរុញ កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាព ក្នុងក្របខណ្ឌស្តារឡើងវិញ នូវទូលំទូលាយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework)។

ដោយឡែកលើការលើកកម្ពស់ទំនាក់ទំនងអាស៊ាន ជាមួយដៃគូខាងក្រៅ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា អាស៊ានគួរតែលើកកម្ពស់ និងពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅ ព្រោះវាសំខាន់សម្រាប់ជំរុញដំណើរការអាស៊ាន ទាំងវិស័យនយោបាយ និងសន្តិសុខ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់។ ជាពិសេសការសិក្សាវាយតម្លៃឲ្យបានល្អិតល្អន់ រាល់សំណើរសុំដំឡើងកម្រិតទំនាក់ទំនង និងបង្កើតទំនាក់ទំនងជាមួយអាស៊ាន ក្នុងនោះរួមមានពីចិន អាស្រ្តាលី និងអង់គ្លេស៕