(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាប្រកាន់ជំហរមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះឡើយ តែត្រៀមខ្លួនចូលរួមជាមួយអាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំកំពូលពិសេសរបស់មេដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ នៅទីក្រុហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមេដឹកនាំអាស៊ានដទៃទៀត រួមនិងអគ្គលេខាធិការអាស៊ានផងដែរ ខណៈភាគីមីយ៉ាន់ម៉ា ចូលរួមដោយ លោក អោង មីឡាំង មេយោធាមីយ៉ាន់ម៉ា។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្ត្រីឡាវ និងប្រធានាធិបតីហ្វីលីពិន មិនបានអញ្ជើញចូលរួមកិច្ចប្រជុំនេះឡើយ ដោយចាត់ត្រឹមរដ្ឋមន្ត្រីការបរទេសឱ្យចូលរួមប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំនេះក្រៅតែពីពិភាក្សាពីបញ្ហារបស់អាស៊ានទៅ ក៏បានពិភាក្សាទៅលើបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ។ ប្រទេសមីយ៉ាន់ម៉ា បានកើតមានវិបត្តិនយោបាយតាំងពីដើមខែកុម្ភៈមក បន្ទាប់ពីយោធាបានចាប់ខ្លួនលោកស្រី អោង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ និងថ្នាក់ដឹកនាំបក្សដទៃទៀត ក្រោយបក្សនេះទទួលបានជោគជ័យលើការបោះឆ្នោតជាតិ។

ក្រោយការចាប់ខ្លួនេះ អ្នកគាំទ្រលោកស្រី អោងសាន ស៊ូជី បានចេញធ្វើបាតុកម្ម រហូតមានផ្ទុះការបង្ក្រាបពីយោធា បណ្តាលឱ្យបាតុករស្លាប់រាប់រយ និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន។ វិបត្តិនៅមីយ៉ាន់ម៉ា មិនទាន់មានភាគីណាមួយចេញមករកដំណោះស្រាយនោះឡើយ គឺមានត្រឹមការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលេចតែប៉ុណ្ណោះ។

ការពិភាក្សារបស់អាស៊ានក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃនេះ គឺជាកិច្ចពិភាក្សារកដំណោះស្រាយលើកដំបូងហើយសម្រាប់មីយ៉ាន់ម៉ា។ នៅចំពោះមេដឹកនាំអាស៊ាន រួមទាំងលោក អោង មីងឡាំង ផង សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

សម្តេចតេជោ បន្តថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ារ ដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគស្មាញគួរឲ្យព្រួយបារម្ភ។ សម្តេចតេជោ បានលើកឡើងថា កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន កាលពីថ្ងៃទី១ ខែកុម្ភៈ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ ខែមីនា ដែលអំពាវនាវឲ្យគ្រប់ភាគីរក្សាការអត់ធ្មត់ ចៀសវាងអំពើហិង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «កម្ពុជាគាំទ្រដល់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទីជាបេសកជនពិសេសរបស់អាស៊ាន ក្នុងការបង្កើតបរិយាកាសអនុគ្រោះ ដើម្បីជំរុញឲ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ារដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណាប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ»

សម្តេចតេជោបន្តថា «បើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ»

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរផងដែរថា ក្នុងនាមជាសមាជិក នៃគ្រួសារអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ។ ក្នុងតួនាទី និងតាមទម្រង់ណាមួយ ដែលអាចធ្វើទៅបាន អនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់អាចទទួលយកបាន។

ក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានដទៃទៀត បានគូសបញ្ជាក់ផងដែរ ពីសារ:សំខាន់នៃស្តារឡើងវិញ ឲ្យបានឆាប់នូវបរិយាកាសស្ថេរភាព នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីសុខុមាលភាពរបស់ប្រជាជន៕