(កំពង់ឆ្នាំង)៖ ដោយមើលឃើញពីទុក្ខលំបាករបស់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកម្លាំង និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងសហការី បានចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវសម្ភារមួយចំនួនរួមមាន ទឹកបរិសុទ្ធ ១៧កេស និង៥០យួរ ក្រមា២០ អាល់កុល៣០លីត្រ ម៉ាសមួយកេសធំ ឧបត្ថម្ភដល់ក្រុមការងារ និងប្រជាពលរដ្ឋនៅទីនោះ។

នៅក្នុងឱកាសនោះ លោកស្រីតំណាងរាស្ត្រ បានកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលបានយកអស់ពីកម្លាំងកាយចិត្តក្នុងការទប់ស្កាត់បង្ការជំងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣កុំ ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមអាជ្ញាធរ កងកម្លាំង បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកស្រី កែ ច័ន្ទមុនី និងសហការី ដែលលោកស្រីជានិច្ចជាកាលតែងតែបារម្ភពីសុខទុក្ខដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ ក៏ដូចជាប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា និងគ្រប់មណ្ឌលចត្តាឡីស័ក ក្នុងខេត្តកំពង់ឆ្នាំង៕