(កោះកុង)៖ បុរស៣នាក់ដែលប្រើប្រាស់គ្រាប់បែកកែច្នៃ ដើម្បីបោកត្រីជារបរប្រចាំថ្ងៃ ហើយត្រូវកម្លាំងគណៈកម្មាការជាតិសន្តិសុខ លំហរសមុទ្រក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឧត្តមសនាវីឯក ទៀ សុខា ប្រចាំស្នាក់ការឡាំដាំ ចាប់ខ្លួននោះត្រូវបានតុលាការខេត្តកោះកុង សម្រេចឃុំខ្លួននៅពន្ធនាគារ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦។
លោក ជា ស៊ីធន់ឡាយ នាយប៉ុស្តិ៍ស្នាក់ការឡាំដាំបានប្រាប់ភ្នាក់ងារ Fresh Newsថា ជនទី១ឈ្មោះ ហ៊ឹម ហឿន អាយុ៣៥ឆ្នាំ ទី២-ឈ្មោះ ទៀង សឿន អាយុ២៨ឆ្នាំ និង៣-ឈ្មោះ សុខ នូវ អាយុ៣៨ឆ្នាំ ទាំង៣នាក់មានទីលំនៅខេត្តព្រះសីហនុ។ វត្ថុតាងសមត្ថកិច្ចរឹបអូសបាន ទូកនេសាទ១គ្រឿង និងត្រីដែលបោកគ្រាប់បែកបានមួយចំនួនទៀត។ ជនទាំង៣នាក់ ធ្វើសកម្មភាពបោកគ្រាប់បែកកែច្នៃ ស្ថិតនៅក្នុងផ្ទៃសមុទ្រកោះឆ្លាម ក្នុងផ្ទៃសមុទ្រខេត្តកោះកុង ហើយត្រូវបានគណៈកម្មការជាតិលំហរសមុទ្រ ចុះល្បាតដើម្បីសុវត្ថិភាពប្រជានេសាទចុះទៅអន្តរាគមន៍ និងឈានទៅដល់ការចាប់ខ្លួនតែម្តង។
ក្រោយពីការឃាត់ខ្លួន និងសួរនាំរបស់សមត្ថកិច្ចជនទាំង៣នាក់ បានសារភាពថា ពិតជាបានប្រើប្រាស់គ្រាប់បែកកែច្នៃបោកត្រី ពិតប្រាកដមែនដោយយកម្សៅ TNT ដាក់ចូលក្នុងកំប៉ុងត្រីខ និងកិបផ្ទុះ៕