(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈមួយចំនួនស្តីពី ការអនុវត្តការងារ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តកោះកុង។

ក្នុងកិច្ចប្រជុំនេះក៏មានរាយការណ៍នានារបស់រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ស្តីពីការអនុវត្តការងារ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធនីមួយៗ ទូទាំងខេត្តផងដែរ។

ក្នុងកិច្ចប្រជុំនោះផងដែរ លោកស្រីអភិបាលខេត្ត បានផ្តល់អនុសាសន៍ឱ្យមន្ត្រីពាក់ព័ន្ធយកទៅអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធបន្ថែមទៀតរួមមាន៖

* ត្រូវបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អ ដែលបាននឹងកំពុងប្រតិបត្តិ។

* ធ្វើសម្រង់ស្ថិតិមធ្យោបាយ (យានយន្តដឹកជញ្ជូន) និងអត្តសញ្ញាណអ្នកបញ្ជាយានយន្តឱ្យបានច្បាស់លាស់ ហើយចំពោះស្ថិតិទូកនេសាទ ក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា នគរបាលវរការពារព្រំដែនទឹក ពន្លឿនការងារ និងផ្តល់ស្ថិតិមករដ្ឋបាលខេត្ត។

* ត្រូវរៀបចំ និងពង្រីកបន្ថែមមណ្ឌលចត្តាឡីស័កកម្រិត១ នៅតាមមូលដ្ឋានក្រុង ស្រុក ទូទាំងខេត្ត ហើយទន្ទឹមនឹងនោះ ត្រូវដាក់ស្នើជូនក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុង ស្រុកនីមួយៗ ពិនិត្យលទ្ធភាពក្នុងការជួយសម្របសម្រួល។

* ចំពោះរដ្ឋបាលក្រុង ស្រុក ដែលខ្វះកម្លាំង ដើម្បីការពារចូលរួមថែរក្សាសុខសុវត្ថិភាព សុខុមាលភាព និងសន្តិសុខសាធារណៈ ត្រូវធ្វើផែនការប្រើប្រាស់កម្លាំង និងដាក់ស្នើមកខេត្ត ឱ្យបានឆាប់រហ័សបំផុត។

* រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតក្រុមការងារដើម្បីចាត់ចែងអនុវត្ត ស្តីពីការពិន័យអន្តការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមូលដ្ឋានក្រុង ស្រុកនីមួយៗ ឱ្យបានល្អប្រសើរ និងជាការប្រញាប់៕